នគរបាល និងក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នានៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក ខណៈគណៈប្រតិភូបានតែងតាំងលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ធ្វើជាប្រធានាធិបតីនៅឯសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ។

ដោយពាក់មួកសុវត្ថិភាព និងកាន់ដំបង កងកម្លាំងនគរបាលបានរុញក្រុមបាតុករចេញពីមុខស្ថានកុងស៊ុលដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីមជ្ឈមណ្ឌល United Center ដែលជាទីតាំងកំពុងរៀបចំសន្និបាតនេះ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ ភាគច្រើនប្រមូលផ្ដុំដោយស្ងៀមស្ងាត់ បានដើរក្បួនតវ៉ាជុំវិញទីក្រុងក្នុងការបង្ហាញកំហឹងប្រឆាំងនឹងការគាំទ្ររបស់រដ្ឋបាល លោក Biden ចំពោះអ៊ីស្រាអែលក្នុងសង្រ្គាមដ៏មហន្តរាយនៅដែនដីហ្កាហ្សា។
ក្រុមបាតុការប៉ាឡេស្ទីន បានកាន់ផ្ទាំងបដាសរសេរឃ្លា បញ្ឈប់ការបញ្ជូនអាវុធឲ្យអ៊ីស្រាអែល ។ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន បានចេញតវ៉ារយៈពេលជាច្រើនខែមកនេះប្រឆាំងការគាំទ្រខាងយោធានិងហរិញ្ញវត្ថុរបស់លោក Joe Biden សម្រាប់អ៊ីស្រាអែលធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ដែលក្រុមមន្ត្រីនៅដែនដីហ្កាហ្សាបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនជាង៤ម៉ឺននាក់បានស្លាប់ក្នុងសង្រ្គាមនេះ៕