សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ (២០ សីហា) ថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរសម្ងាត់ដែលត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden នៅឆ្នាំនេះ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសតែមួយ ឬការគំរាមកំហែងតែមួយនោះទេ បន្ទាប់ពីសារព័ត៌មាន ញូវយ៉ក ថែមស៍ (New York Times) បានរាយការណ៍ថា អាមេរិកបានតម្រង់ទិសយុទ្ធសាស្រ្តទប់ស្កាត់របស់ខ្លួនឡើងវិញដើម្បីផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនជាលើកដំបូង។

សមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនយល់ថាយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ និងឥរិយាបថរបស់សហរដ្ឋអាមេរិកនៅតែដដែល ដូចដែលបានរៀបរាប់នៅក្នុងការត្រួតពិនិត្យការប្រើប្រាស់នុយក្លេអ៊ែរឆ្នាំ២០២២ របស់រដ្ឋបាល ហើយមិនមានការតម្រង់ទិសឡើងវិញឆ្ងាយពីប្រទេសរុស្ស៊ី និងឆ្ពោះទៅកាន់ប្រទេសចិនឡើយ។

New York Times បាននិយាយថា សេតវិមានមិនដែលប្រកាសថាលោក Biden បានអនុម័តយុទ្ធសាស្រ្តដែលបានកែសម្រួល មានចំណងជើងថា «ការណែនាំពីមុខងារប្រើប្រាស់នុយក្លេអ៊ែរ» នោះទេ ប៉ុន្តែការជូនដំណឹងដោយបើកចំហរទៅកាន់សភាពីការកែប្រែនេះ ត្រូវបានគេរំពឹងថានឹងផ្ញើមុនពេលលោក Biden ចាកចេញពីតំណែង ដែលទំនងជាទាក់ទងនឹងការពង្រីកឃ្លាំងអាវុធរបស់ចិន។

លោក ដារីល ឃីមបល (Daryl Kimball) នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធ បាននិយាយថា ខណៈដែលការប៉ាន់ប្រមាណរបស់ចារកម្មសម្ងាត់អាមេរិកបង្ហាញថា ចិនអាចបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនពី ៥០០ ទៅ ១.០០០ក្បាលគ្រាប់នៅឆ្នាំ២០៣០ ប៉ុន្តែបច្ចុប្បន្ន រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤.០០០រួចទៅហើយ ហើយនេះនៅតែជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយយុទ្ធសាស្ត្រនុយក្លេអ៊ែរអាមេរិក»៕