អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងភរិយារបស់លោក គឺលោកស្រី មីឈែល អូបាម៉ា (Michelle Obama) ត្រលប់ទៅលើវេទិកាជាតិជាថ្មីនៅយប់ថ្ងៃអង្គារ (២០ សីហា) ដើម្បីជំរុញការគាំទ្រសម្រាប់សម្ព័ន្ធមិត្តបក្សប្រជាធិបតេយ្យយូរអង្វែងរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងកិច្ចប្រឹងប្រែងប្រជែងតំណែងប្រធានាធិបតីប្រឆាំងនឹងបេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump)។

ប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក លោក អូបាម៉ា បានបោះទុននយោបាយដ៏សន្ធឹកសន្ធាប់របស់ខ្លួននៅពីក្រោយលោកស្រី Harris ខណៈដែលលោកស្រីស្វះស្វែងបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃទី០៥ ខែវិច្ឆិកា ក្នុងនាមជាស្ត្រីដំបូងគេ និងជាជនជាតិស្បែកខ្មៅ និងអាស៊ីខាងត្បូងដំបូងគេ ដែលត្រូវជ្រើសរើសជាប្រធានាធិបតីអាមេរិក។
លោក អូបាម៉ា បានថ្លែងប្រាប់ក្រុមប្រតិភូដែលចូលរួមក្នុងសន្និបាតជាតិបក្សប្រជាធិបតេយ្យថ្ងៃទីពីរនៅទីក្រុង ឈីកាហ្គោ (Chicago) ថា «ខ្ញុំមានអារម្មណ៍ពោរពេញដោយក្ដីសង្ឃឹម និងមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយ។ យើងមានឱកាសក្នុងការជ្រើសរើសអ្នកដឹកនាំដែលបានចំណាយពេលពេញមួយជីវិតរបស់ខ្លួនដើម្បីផ្តល់ឱកាសដូចដែលខ្លួនទទួលបានដល់ជនជាតិអាមេរិកគ្រប់រូប»។

នៅវ័យ ៦៣ឆ្នាំ លោក អូបាម៉ា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រាមានវិបត្តិ រួមទាំងអំឡុងពេលការពិភាក្សាដេញដោលដ៏រអាក់រអួលដែលនាំឱ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើរចេញពីការប្រជែងតំណែងជាថ្មីកាលពីខែមុន។ រួមជាមួយនឹងអតីតប្រធានសភា លោកស្រី នែស៊ី ប៉េឡូស៊ី (Nancy Pelosi) លោក អូបាម៉ា ត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងរបស់គណបក្សប្រជាធិបតេយ្យ៕