តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបង្កើតក្រុមការងារសុវត្ថិភាពមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ដើម្បីណែនាំពីចំណាត់ការនានាក្នុងការការពារបុគ្គលិកពេទ្យនៅក្នុងប្រទេសឱ្យមានសុវត្ថិភាព ប៉ុន្មានថ្ងៃបន្ទាប់ពីវេជ្ជបណ្ឌិតហាត់ការម្នាក់ត្រូវបានចាប់រំលោភ និងសម្លាប់។

ករណីដែលបានកើតឡើកាលពីថ្ងៃទី៩ ខែសីហា នៅក្នុងទីក្រុង Kolkata បង្កឱ្យមានកំហឹងនៅទូទាំងប្រទេស និងបង្កឱ្យមានការទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងសុវត្ថិភាពកាន់តែប្រសើរសម្រាប់បុគ្គលិកថែទាំសុខភាពជាស្ត្រី។
វេជ្ជបណ្ឌិត នៅកន្លែងជាច្រើន បានបដិសេធមិនពិនិត្យអ្នកជំងឺដែលពុំមែនស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
តុលាការ បានស្នើឱ្យក្រុមការងារដឹកនាំវេជ្ជបណ្ឌិត ពិចារណាលើកំណែទម្រង់ដ៏ទូលំទូលាយ និងវិធានការសុវត្ថិភាពថ្មី ដូចជាបន្ទប់សម្រាកដាច់ដោយឡែកសម្រាប់បុគ្គលិកស្ត្រី និងការបង្កើតគណៈកម្មការបុគ្គលិកដើម្បីពិនិត្យឡើងវិញសុវត្ថិភាពប្រចាំត្រីមាស។

តុលាការក៏បានបង្គាប់ឱ្យកងកម្លាំងយោធាប៉ារ៉ាសហព័ន្ធ ត្រូវបានដាក់ពង្រាយនៅមន្ទីរពេទ្យ ជាកន្លែងដែលឧក្រិដ្ឋកម្ម បានកើតឡើង ហើយបានបង្គាប់ឱ្យនគរបាលបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពនៃការស៊ើបអង្កេតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍។
ប៉ុន្តែក្រុមវេជ្ជបណ្ឌិតវ័យក្មេងរាប់រយនាក់ដែលចាកចេញពីការងារកំពុងតវ៉ា និយាយថា ពួកគេមិនពេញចិត្ត ហើយនឹងបន្តធ្វើបាតុកម្ម។ ស្ថាប័នអ្នកហាត់ការ និងវេជ្ជបណ្ឌិតវ័យក្មេង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ច្បាប់តែមួយ នឹងពុំដោះស្រាយបញ្ហាទាំងនេះបានឡើយ យើងត្រូវការការកែប្រែប្រព័ន្ធពេញលេញមួយ»។ តុលាការ បានស្នើឱ្យគ្រូពេទ្យដែលឈប់សម្រាកពីការងារនៅទូទាំងប្រទេស ឱ្យចូលបម្រើការងារឡើងវិញ។