ជើងហោះហើរដំបូងដឹកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេស បានចាកចេញពីប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ទី២០ សីហា ជាផ្នែកនៃយុទ្ធសាស្រ្តថ្មីដើម្បីកាត់បន្ថយលំហូរប្រជាជនទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់ តភ្ជាប់អាមេរិកកណ្តាល និងខាងត្បូង។
ដោយផ្តល់ហិរញ្ញវត្ថុដោយទីក្រុងវ៉ាស៊ីនតោន ជើងហោះហើរជាច្រើន បានដឹកជនអន្តោប្រវេសន៍ ធ្វើឡើងមិនដល់៣ខែនោះទេ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។

ពួកគេបានបង្កើតមធ្យោបាយថ្មីក្នុងការដោះស្រាយការធ្វើអន្តោប្រវេសន៍ ដែលបានលេចចេញជាបញ្ហាកំពូលមួយ នៅក្នុងការប្រកួតប្រជែង រវាងអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោគ Donald Trump និងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ។
ជើងហោះហើរដំបូង បានហោះចេញពីទីក្រុងប្រទេសប៉ាណាម៉ា ដោយដឹកជនជាតិកូឡុំប៊ី៣០នាក់ នេះបើយោងតាមលោក Marlen Pineiro មន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍ទាំងអស់ មានកំណត់ត្រាព្រហ្មទណ្ឌនៅក្នុងប្រទេសកំណើតរបស់ពួកគេ ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីឆ្លងកាត់ព្រៃ Darien Gap តភ្ជាប់ប្រទេសកូឡុំប៊ីជាមួយប្រទេសប៉ាណាម៉ា។ អ្នកត្រូវបាននិរទេស ត្រូវបានគេនាំទៅកាន់យន្តហោះដោយដាក់ច្រវ៉ាក់ និងដាក់ខ្នោះដៃ។

ជនអន្តោប្រវេសន៍ជាងកន្លះលាននាក់ បានឆ្លងកាត់ព្រៃ Darien Gap កាលពីឆ្នាំមុន ជាកំណត់ត្រាខ្ពស់ នាំមុខដោយពលរដ្ឋវេណេស៊ុយអេឡាដែលភៀសខ្លួន និងអ្នកផ្សេងទៀតមកពីទូទាំងទ្វីបអាមេរិក និងហួសពីនេះ។ វាបង្កើតបានជាផ្នែក ពីកិច្ចព្រមព្រៀងកាលពីខែកក្កដា រវាងមន្ត្រីអាមេរិក និងប្រធានាធិបតីថ្មីរបស់ប្រទេសប៉ាណាម៉ា លោក Jose Mulino ដែលបានធ្វើយុទ្ធនាការលើការសន្យាដើម្បីបញ្ចប់ស្ថានភាពរបស់ប្រទេសលោក ជាចំណុចឆ្លងកាត់របស់េជនអន្តោប្រវេសន៍។
កាលពីពេលមុន មន្ត្រីអាមេរិក បានបង្ហាញថវិកា៦លានដុល្លារ សម្រាប់ជើងហោះហើរ និងកំពុងបណ្តុះបណ្តាលជនជាតិប៉ាណាម៉ា។ ពួកគេបាននិយាយថា ការធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានអនុវត្ត ស្របទៅតាមច្បាប់របស់ប្រទេសប៉ាណាម៉ា។