ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ១១.៥២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការវាយលុករបស់ខ្លួន។

តួលេខនេះ គ្របដណ្តប់រយៈពេលចន្លោះខែកុម្ភៈ ឆ្នាំ២០២២ ដល់ចុងខែកក្កដា ឆ្នាំនេះ។ អ្នកស្លាប់រួមមានកុមារអាយុក្រោម១៨ឆ្នាំ ចំនួន៦៣៣នាក់។ ការិយាល័យអង្គការសហប្រជាជាតិ និយាយថា មនុស្សយ៉ាងហោចណាស់ ២៣.៦៤០នាក់ បានរងរបួស ក្នុងអំឡុងពេលនោះ។

ទោះជាយ៉ាងណា ការិយាល័យអង្គការសហប្រជាជាតិ ជឿថា តួលេខពិតប្រាកដនៃចំនួនអ្នកស្លាប់ និងរបួសរបស់ជនស៊ីវិល គឺខ្ពស់ជាងនេះ ខណៈរបាយការណ៍ពីតំបន់មួយចំនួនដែលប្រយុទ្ធគ្នាខ្លាំង នៅតែបន្តកំពុងរង់ចាំការបញ្ជាក់។ ខែកក្កដា ឆ្នាំ២០២៤ គឺជាខែដែលមានអ្នកស្លាប់ច្រើនបំផុត សម្រាប់ជនស៊ីវិល ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ដោយចំនួនអ្នកស្លាប់ បានកើនឡើងដល់២១៩នាក់។

របាយការណ៍នេះបាននិយាយថា មនុស្សយ៉ាងហោចណាស់៤៣នាក់ ត្រូវបានសម្លាប់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំនេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើរដ្ឋធានី គីវ របស់អ៊ុយក្រែន និងផ្នែកផ្សេងទៀតរបស់ប្រទេស។ ការិយាល័យអង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ផងដែរថា ការវាយប្រហារជាបន្តបន្ទាប់ បានដាក់គោលដៅលើស្ថាប័នវេជ្ជសាស្រ្ត ដោយបានបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។
របាយការណ៍ និយាយថា អគារពេទ្យចំនួន៦៨កន្លែង ត្រូវបានបំផ្លាញ និង៤៧៨កន្លែងផ្សេងទៀត បានរងការខូចខាត ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុក។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា អគារសិក្សាចំនួន ២៩៤កន្លែងត្រូវបានបំផ្លាញ និង ១.០១២កន្លែង ផ្សេងទៀត បានរងការខូចខាត។