សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងបណ្តាក្រុមហ៊ុនការីទេសចរណ៍បានសហការពង្រីកការរៀបចំកញ្ចប់ទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលផ្តោតការរៀបចំដំណើរកម្សាន្តក្នុងស្រុក បានថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែសីហានេះថា ជាក់ស្តែង អំឡុងពេលមាន កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បានធ្វើឲ្យគោលដៅទេសចរណ៍ខេត្តទាំងបួនរបស់ប្រទេសកម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង មានផ្លូវស្អាតៗតភា្ជប់គ្នា ក្នុងវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ទេសចរណ៍បែបវប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេងជាដើម។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភា្នក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនការីទេសចរណ៍ជាច្រើននាំគ្នារៀបចំកញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាតំបន់ភូមិភាគឥសាន្តកម្ពុជានោះច្រើន ហើយ CATA និងបណ្តាការីទេសចរណ៍ជាដៃគូ នឹងធ្វើការចុះសិក្សាបន្ថែមអំពីសក្តានុពលទេសចរណ៍ដែលកើតថ្មីនៅក្នុងតំបន់ទេសចរណ៍ទាំងបួនខេត្តនោះ ក្រោយរាជរដ្ឋាភិបាល ខំប្រឹងអភិវឌ្ឍន៍តំបន់ទាំងក្របខណ្ឌរាជរដ្ឋាភិបាលខ្លួនឯង និងក្រមខណ្ឌ CLV-DTA និងអាស៊ានជាដើម។

ក្នុងនាមទីភ្នាក់ងារទេសចរណ៍ លោកស្រីក៏បានអំពាវនាវពលរដ្ឋខ្មែរ ពិសេសពលរដ្ឋដែលមានធនធាន គួរកាត់បន្ថយការធ្វើដំណើរទស្សនាកម្សាន្តទៅក្រៅប្រទេស ហើយនាំគ្នាទៅទស្សនាតំបន់ទេសចរណ៍ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ខណៈខេត្តទាំងបួននេះមានសេវាបដិសណ្ឋារកិច្ចទេសចរណ៍ និងផ្លូវតភ្ជាប់ គ្រប់គ្រាន់ និងអភិវឌ្ឍន៍ច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានដោយផ្ទាល់៕ អត្ថបទ ស៊ុម សុខជា
