ឧត្តរមានជ័យ៖ ដំណាំស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋជាង ៤០០០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងរងផលប៉ះពាល់ក្រៀមស្វិតងាប់ជាបន្តបន្ទាប់ ខណៈដែលពុំមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពសង្គ្រោះដល់ដំណាំស្រូវរបស់ពួកគាត់នោះទេ។
យោងតាមរបាយការណ៍របស់មន្រ្តីជំនាញ នៃមន្ទីរកសិកម្មខេត្ត គិតចាប់ត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ដំណាំស្រូវវស្សានៅក្នុងស្រុកចុងកាល់ សរុបជាង៤ ២៤១ ហិកតា ស្នើនឹង២៥៥៩គ្រួសារមានចំនួន២៧ភូមិ បាននឹងកំពុងរងផលប៉ះពាល់ដោយសារអាកាសធាតុមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ដោយឡែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដំណាំស្រូវរដូវវស្សាដែលបានរងផលប៉ះពាល់ខាងលើ តាមការពិនិត្យចុះផ្ទាល់ពីមន្រ្តីជំនាញកសិកម្ម បានវាយតម្លៃថា ស្រូវទាំងនោះ នៅពេលមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅពេលខាងមុខនោះ ស្រូវទាំងនោះ វានិងមានការលូតលាស់ឡើងវិញជាធម្មតាដោយមិនមានការប្រឈមអ្វីនោះទេ។
សូមរំលឹកថា នៅស្រុកចុងកាល់ ក៏ដូចជានៅតាមបណ្តាក្រុងស្រុកមួយចំនួនទៀត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក៏មានការរងផលប៉ះពាល់មួយចំនួនដែរលើដំណាំស្រូវវស្សានេះ ខណៈរយៈពេលដើមខែសីហា អាកាសធាតុពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ដោយសារតែកត្តាអាកាសធាតុ៕



