ក្រុមអ្នកវិទ្យាសាស្ត្របាននិងកំពុងស្វែងរកទំនាក់ទំនងយ៉ាងជាប់លាប់រវាងការទទួលទានសាច់ក្រហម និងសាច់កែច្នៃ ទៅនឹងជំងឺបេះដូង ប្រភេទមួយចំនួននៃជំងឺមហារីក និងការស្លាប់មុនអាយុ។ ឥឡូវនេះ ការសិក្សាថ្មីៗចំនួនពីរបានបន្ថែមភស្តុតាងដែលអះអាងថា ការបរិភោគសាច់ច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។

នៅក្នុងការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២០ សីហា) ក្នុងទិនានុប្បវត្តិសុខភាព The Lancet អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីមនុស្សពេញវ័យជិត ២លាននាក់ដែលចូលរួមក្នុងការសិក្សាចំនួន៣១ នៅទូទាំង ២០ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាស៊ី។

បន្ទាប់ពីកែតម្រូវកត្តាហានិភ័យផ្សេងទៀតដូចជាការជក់បារី សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ ភាពអសកម្មរាងកាយ និងប្រវត្តិគ្រួសារនៃជំងឺទឹកនោមផ្អែម អ្នកស្រាវជ្រាវបានរកឃើញថា រាល់សាច់កែច្នៃចំនួន ៥១ក្រាមដែលមនុស្សទទួលទានជារៀងរាល់ថ្ងៃ បង្កើនហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២ ចំនួន ១៥ភាគរយ ពោលគឺស្មើនឹងសាច់ក្រកទំហំមធ្យមចំនួនមួយ ឬសាច់ជ្រូកងៀតពីរបីបន្ទះ។
សម្រាប់រាល់ ៩៩ក្រាមនៃសាច់ក្រហមមិនបានកែច្នៃដែលមនុស្សទទួលទានប្រចាំថ្ងៃ ហានិភ័យនៃជំងឺទឹកនោមផ្អែមនេះកើនឡើង ១០ភាគរយ ពោលគឺមានទំហំប៉ុនសាច់គោអាំង (Steak) តូចមួយដុំ។ សាច់ក្រហម និងសាច់កែច្នៃមានទំនោរមានជាតិខ្លាញ់ឆ្អែតខ្ពស់ជាងខ្លាញ់មិនឆ្អែត ដែលជាសមាសធាតុផ្សំជាមួយនឹងភាពធន់នឹងអាំងស៊ុយលីនកាន់តែច្រើន ដែលអាចនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។
ការសិក្សាមួយទៀតដែលបានចេញផ្សាយកាលពីសប្តាហ៍មុននៅក្នុងទិនានុប្បវត្តិសុខភាព ណេឈើ មេតាប៉ូលីស (Nature Metabolism) ក៏បង្ហាញសម្មតិកម្មយូរអង្វែងមួយទៀតថា ជាតិដែក ហ៊ីម (Heme iron) ដែលជាប្រភេទជាតិដែកមានកម្រិតខ្ពស់នៅក្នុងសាច់ក្រហម និងមានកម្រិតតិចនៅក្នុងសាច់ត្រី ឬសាច់បក្សី ក៏អាចរួមចំណែកដល់ជំងឺទឹកនោមផ្អែមប្រភេទទី២ នេះផងដែរ៕
