ប្រដាល់៖ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការជូនដំណឹងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អំពីការសម្រេចផ្អាកការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលគ្រោងរៀបចំការប្រកួតនាពាក់កណ្ដាលខែតុលាខាងមុខនេះហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមលិខិតជូនដំណឹងចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដោយសារស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល ក្រសួងអប់រំបានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលគ្រោងរៀបចំការប្រកួតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
ថ្នាក់ដឹកនាំសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា បន្ទាប់ពីផ្អាកការប្រកួត សហព័ន្ធនៅមិនទាន់កំណត់កាលបរិច្ឆេទការប្រកួតថ្មីនោះទេ ដ្បិតកន្លងមសហព័ន្ធក៏បានជូនដំណឹងដល់បណ្ដាប្រទេសទាំងអស់ អំពីការត្រៀមរៀបចំនេះដែរ។ ប៉ុន្ដែដោយសារការផ្អាកការប្រកួតនៅមិនទាន់ច្បាស់ថា នឹងមានកីឡាករមកពីប៉ុន្មានប្រទេសចូលរួមឡើយ។ តែយ៉ាងណាសហព័ន្ធនៅតែរក្សាជំហររៀបចំ ដើម្បីពង្រឹងសមត្ថភាពកីឡាករត្រៀមស៊ីហ្គេមនាពេលខាងមុខ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕ អត្ថបទ៖ លី ឈុនឡា
