សារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃពុធ (២១ សីហា) នេះថា រថយន្តក្រុងមួយគ្រឿងដឹកក្រុមអ្នកធ្វើធម្មយាត្រាប៉ាគីស្ថាន បានក្រឡាប់នៅប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់អ្នកដំណើរ ២៨នាក់ និងមនុស្ស ២៣នាក់ផ្សេងទៀតរងរបួស។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឱ្យដឹងថា ឧបទ្ទវហេតុធ្លាក់នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅក្នុងខេត្ត យ៉ាដ (Yazd) ភាគកណ្តាលរបស់អ៊ីរ៉ង់។អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុភ្លាមៗនៃឧបទ្ទវហេតុនេះទេ។ រថយន្តក្រុងនោះដឹកមនុស្ស ៥១នាក់នៅពេលជួបគ្រោះថ្នាក់។

អ្នកធ្វើធម្មយាត្រាទាំងនោះបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ ប្រារព្ធពិធីសាសនាមួយនៅទីក្រុង កាបាឡា (Karbala) ដែលត្រូវបានគេចាត់ទុកថាជាការជួបជុំសាធារណៈប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងពិភពលោក។
អ៊ីរ៉ង់មានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដែលមានអ្នកស្លាប់ប្រហែល ១៧.០០០នាក់ក្នុងមួយឆ្នាំ។ ចំនួនអ្នកស្លាប់ដ៏ខ្ពស់នេះត្រូវបានស្តីបន្ទោសចំពោះការមិនគោរពច្បាប់ចរាចរណ៍ យានយន្តគ្មានសុវត្ថិភាព និងសេវាសង្គ្រោះបន្ទាន់មិនគ្រប់គ្រាន់នៅក្នុងតំបន់ជនបទដ៏ធំរបស់ប្រទេស៕