អាជ្ញាធរនិយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើទីក្រុងមូស្គូនៅថ្ងៃពុធ ទី២១ សីហានេះ ដោយអង្គភាពការពារដែនអាកាសរបស់រុស្ស៊ីបានកម្ទេចយានដ្រូនចំនួន១១គ្រឿង ដែលកំពុងហោះហើរឆ្ពោះទៅកាន់រដ្ឋធានី។

អភិបាលក្រុង លោក Sergei Sobyanin បាននិយាយថា យានដ្រូនមួយចំនួនត្រូវបានបំផ្លាញនៅលើទីក្រុង Podolsk ។ ទីក្រុងនេះ ស្ថិតនៅតំបន់ទីក្រុងមូស្គូ មានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ភាគខាងត្បូងវិមានក្រឹមឡាំង។

លោក Sobyanin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «នេះគឺជាការប៉ុនប៉ងធំបំផុតមួយ ដើម្បីវាយប្រហារទីក្រុងមូស្គូ ដោយប្រើប្រាស់យានដ្រូន ដែលមិនធ្លាប់មានពីមុនមក។
ការវាយប្រហារ កើតឡើងខណៈរុស្ស៊ីកំពុងវាយរុលចូលទៅភាគខាងកើតអ៊ុយក្រែន ដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់ខ្លួន រយៈពេលពីរសប្តាហ៍បន្ទាប់ពីពួកគេបានវាយលុកតាមព្រំដែនភាគខាងលិចរបស់រុស្ស៊ី ក្នុងការវាយលុកធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

លោក Sobyanin និយាយថា យោងតាមព័ត៌មានបឋម ពុំមានអ្នករងរបួស ឬការបំផ្លាញណាមួយត្រូវបានរាយការណ៍ឡើយ បន្ទាប់ពីការវាយប្រហារនេះ។
អ៊ុយក្រែន តែងតែបង្ហោះយានដ្រូន ១គ្រឿង ឬ ២គ្រឿង សំដៅទៅកាន់ទីក្រុងមូស្គូ ក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែពុំបានបង្កការខូចខាតអ្វីច្រើននោះទេ។
ទោះជាយ៉ាងណា ការវាយប្រហារនៅថ្ងៃពុធនេះ ហាក់ដូចជាធំជាងការវាយប្រហារកាលពីខែឧសភា ឆ្នាំ២០២៣ ដែលនៅពេលនោះយានដ្រូនចំនួន៨គ្រឿង ត្រូវបានបំផ្លាញនៅលើរដ្ឋធានី ជាការវាយប្រហារមួយ ដែលប្រធានាធិបតី លោក Vladimir Putin និយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងគីវ ដើម្បីធ្វើឲ្យរុស្ស៊ីភ័យខ្លាច និងធ្វើឲ្យរុស្ស៊ីមានកំហឹង។
ការវាយប្រហារនៅថ្ងៃពុធនេះ លើទីក្រុងមូស្គូ គឺជាផ្នែកមួយនៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ដោយក្រសួងការពារជាតិរុស្ស៊ី និយាយថា អង្គភាពការពារដែនអាកាសរបស់ខ្លួន ក៏បានបំផ្លាញយានដ្រូនចំនួន២៣គ្រឿង នៅលើតំបន់ព្រំដែន Bryansk ផងដែរ។