លោក Barack Obama បានព្រមានថា វគ្គបន្តនៅក្នុងខ្សែភាពយន្ត គឺ «ជាធម្មតាតែងតែអាក្រក់» ជាងវគ្គដំបូង ខណៈដែលរូបលោក និងភរិយារបស់លោក គឺលោកស្រី Michelle Obama បានប្រឹងប្រែងបង្ហាញការរួបរួមក្នុងគណបក្សរបស់ពួកគេ ក្នុងយុទ្ធនាការប្រជែងជាមួយលោក Donald Trump។
ដោយថ្លែងនៅយប់ទី២ នៃសន្និបាតគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា) លោក Obama បាននិយាយថា ប្រទេសនេះមិនត្រូវការ «ការនិយាយអួតក្អែងក្អាង» និង «ភាពចលាចល» រយៈពេល ៤ឆ្នាំទៀតនោះទេ។ លោកបានលើកឡើងថា៖ «យើងបានមើលសាច់រឿងនោះពីមុនមកហើយ ហើយយើងទាំងអស់គ្នាដឹងថា វគ្គបន្តជាធម្មតាអាក្រក់ជាងវគ្គដំបូងជាក់ជាមិនខាន»។
ដោយនិយាយរិះគន់កំណត់ត្រារបស់លោក Trump ខណៈពេលដែលលោកកំពុងកាន់តំណែងជាប្រធានាធិបតីនោះ សំឡេងហ៊ោចំអកបានបន្លឺឡើងយ៉ាងខ្លាំងៗពីក្នុងចំណោមអ្នកចូលរួម ដែលលោក Obama បាននិយាយថា៖ «កុំហ៊ោចំអកអី តែសុំនាំគ្នាទៅបោះឆ្នោត»។
ដោយលោកស្រី Kamala Harris ត្រូវបានបញ្ជាក់ថា ជាបេក្ខជនតំណាងគណបក្ស សម្រាប់ការបោះឆ្នោតខែវិច្ឆិកា លោក Obama បានប្រាប់ក្រុមមនុស្សចូលរួមថា៖ «យើងមានឱកាសជ្រើសរើសនរណាម្នាក់ដែលបានចំណាយពេលពេញ ១ជីវិតរបស់លោកស្រី ដើម្បីផ្តល់ឲ្យមនុស្សនូវឱកាសដូចគ្នា ដែលអាមេរិកផ្តល់ឲ្យលោកស្រី»។
ចំណែកភរិយារបស់លោក គឺអតីតស្ត្រីទី១ របស់សហរដ្ឋអាមេរិក ក៏បានបញ្ចេញនូវទស្សនៈរិះគន់ ចំពោះលោក Trump ដូចគ្នា ក្នុងឱកាសឡើងថ្លែងសុន្ទរកថា នៅសន្និបាតនេះ ដោយលោកស្រីបង្ហាញការមិនពេញចិតចំពោះចរិតលក្ខណៈ និងការវាយប្រហាររើសអើងជាតិសាសន៍របស់អតីតប្រធានាធិបតីរូបនោះ ដែលបានសំដៅទៅលើលោកស្រី និងស្វាមី នាពេលកន្លងមក។
ដោយនិយាយចំៗ លោកស្រីបានព្រមានថា លោក Trump នឹងព្យាយាមបំភ្លៃការពិតពីបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យរបស់យើង គឺលោកស្រី Harris ដូចដែលលោកបានធ្វើ «អ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់លោក ដើម្បីព្យាយាមធ្វើឲ្យមនុស្សទាំងឡាយខ្លាចពួកយើង» ដោយការលើកឡើងនេះលោកស្រីសំដៅទៅលើខ្លួនលោកស្រីផ្ទាល់ និងស្វាមី ដែលបម្រើការនៅសេតវិមានពីឆ្នាំ២០០៩-២០១៧៕