មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te នៅថ្ងៃពុធ (ទី២១ ខែសីហា) បានព្រមានថា ឥទ្ធិពលនៃរបៀបដឹកនាំដែលកំពុងកើនឡើងរបស់ចិន នឹងមិនឈប់ត្រឹមកោះនេះទេ ហើយបានជំរុញឲ្យប្រទេសកាន់លទ្ធិប្រជាធិបតេយ្យរួបរួមគ្នា ដើម្បីទប់ស្កាត់ការពង្រីករបស់ប្រទេសនេះ។
គួរបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយកាលពីថ្ងៃអង្គារ (ទី២០ ខែសីហា) មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន បាននិយាយថា ទីក្រុងប៉េកាំងមានទំនុកចិត្តចំពោះ «ការបង្រួបបង្រួមបានទាំងស្រុង» ជាមួយកោះនេះ។
ដោយថ្លែងនៅឯវេទិកាប្រចាំឆ្នាំ ឈ្មោះ Ketagalan ស្តីពីសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងតៃប៉ិ លោក Lai បានព្រមានថា កោះតៃវ៉ាន់មិនមែនជា «គោលដៅតែមួយគត់» របស់ទីក្រុងប៉េកាំងនោះទេ។
ដោយនិយាយទៅកាន់អ្នកនយោបាយ និងបញ្ញាវន្តមកពីប្រទេសចំនួន១១ ដែលចូលរួមក្នុងវេទិកានេះ លោកបានប្រាប់ថា៖ «យើងទាំងអស់គ្នាដឹងច្បាស់ហើយថា ឥទ្ធិពលនៃរបៀបដឹកនាំដែលកំពុងកើនឡើងរបស់ចិន នឹងមិនបញ្ឈប់ត្រឹមតែកោះតៃវ៉ាន់នោះទេ ហើយក៏មិនមែនជាគោលដៅតែមួយគត់នៃសម្ពាធសេដ្ឋកិច្ចរបស់ប្រទេសចិននោះដែរ»។
លោកបានបន្ថែមថា៖ «ចិនមានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នោះហើយជាមូលហេតុដែលប្រទេសប្រជាធិបតេយ្យត្រូវតែរួមគ្នា និងធ្វើសកម្មភាពជាក់ស្តែង។ មានតែការសហការគ្នាប៉ុណ្ណោះ ទើបយើងអាចរារាំងការពង្រីកឥទ្ធិពលនេះបាន»។
សូមបញ្ជាក់ថា លោក Lai ដែលបានស្បថចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែឧសភា ត្រូវបានប្រទេសចិនដាក់ឈ្មោះថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» ជុំវិញជំហរដ៏មុតមាំរបស់លោក ក្នុងការការពារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើពិធីឡើងកាន់តំណែងរបស់លោក Lai ដោយបានឡោមព័ទ្ធកោះនេះ ដោយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក៕