បាល់ទាត់៖ ក្រុមនាគខៀវបឹងកេតបានអវត្តមានខ្សែការពារដ៏សំខាន់ម្នាក់ទៀតហើយគឺកីឡាករ Anderson Zogbe បន្ទាប់ពីខ្សែការពារកូឌឺវ័ររូបនេះបានរងរបួសធ្ងន់អំឡុងពេលហ្វឹកហាត់។

យោងតាមការជូនដំណឹងរបស់ក្រុមការពារតំណែងជើងឯកបានឲ្យដឹងថា Anderson បានរងរបួសធ្ងន់ធ្ងរដោយដាច់សរសៃជង្គង់ (ACL) និងបែកទ្រនាប់ឆ្អឹងជង្គង់ខាងស្ដាំ។ ដូច្នេះរូបគេត្រូវធ្វើការវះកាត់ និងសម្រាករយៈពេលយូរចន្លោះពី ៦ ទៅ ៨ខែ។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ។ អវត្តមានរបស់ខ្សែការពារវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រមើលឃើញថា ក្រុមបឹងកេតកំពុងជួបវិបត្តិតំបន់ការពារ ដ្បិតកាលពីថ្មីៗក្លិបទើបផ្ទេរខ្សែការពារ ទេស សម្បត្តិ ទៅវិសាខា។ ប្រការនេះគេជឿជាក់ថា បឹងកេតនឹងត្រូវធ្វើការងារធ្ងន់នៅជុំទី២ នៃលីគកំពូលកម្ពុជាដែលនឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះ។
គួរដឹងថា Anderson ត្រូវបានក្លិបបឹងកេតសម្រេចបន្ដកុងត្រារហូតដល់ឆ្នាំ២០២២ បន្ទាប់ពីធ្វើបានល្អ និងរួមចំណែកយ៉ាងសំខាន់ជួយឲ្យក្លិបគ្រងជើងឯកលីគកំពូលកម្ពុជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបកាលពីរដូវកាលមុន ដែលជាឆ្នាំដំបូងក្រោយពីរូបគេផ្ទេរពីក្លិបណាហ្គាវើលដ៏ មកកាន់ទឹកដីខេមបូឌាអ៊ែរវ៉េ៕
អត្ថបទ៖ លី ឈុនឡា