អ្នកនាំពាក្យនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC ដែលជាអង្គភាពយោធាសម្រាំងរបស់អ៊ីរ៉ង់) បានរិះគន់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជួយអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ថា ពុំមានភាពស្មោះត្រង់។
ប៉ុស្តិ៍ទូរទស្សន៍ IRIB បានដកស្រង់សម្តីលោក Ali Mohammad Naeini ដោយនិយាយថា៖«យើងមិនគិតថា ជនជាតិអាមេរិក ចង់បានសន្តិភាព និងបទឈប់បាញ់នោះទេ។ អ្វីដែលពួកគេ កំពុងធ្វើគឺជាល្បែងនយោបាយប៉ុណ្ណោះ។
ការពិគ្រោះយោបល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរមួយជុំផ្សេងទៀត ត្រូវបានធ្វើឡើង នៅទីក្រុងដូហា កាលពីថ្ងៃទី ១៥ និង ១៦ ខែសីហា។ មេដឹកនាំនៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ បន្ទាប់ពីកិច្ចពិភាក្សាដែលត្រូវបានចេញផ្សាយដោយអេហ្ស៊ីបថា កិច្ចពិភាក្សាត្រូវបានប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន ហើយភាគីទាំងពីរ បានយល់ព្រមនឹងរៀបចំកិច្ចប្រជុំបន្ទាប់របស់ពួកគេនៅទីក្រុងគែរ នៅសប្តាហ៍បន្ទាប់។ ក្រុមបច្ចេកទេស នឹងបន្តធ្វើការលើយន្តការនៃការអនុវត្តបទប្បញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងនាពេលខាងមុខ រួមទាំងបញ្ហាទាក់ទងនឹងការដោះដូរចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីបសម្រាប់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ក៏ដូចជាស្ថានភាពមនុស្សធម៌នៅក្នុងដែនដីនេះផងដែរ។