ប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ថ្កោលទោសការគាំទ្រដោយចំហរបស់អាជ្ញាធរអ៊ុយក្រែនចំពោះអំពើភេរវកម្មអន្តរជាតិ ជាពិសេសក្នុងតំបន់ Sahel។ នេះបើយោងតាមលិខិតរបស់រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកទាំងបី ផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ឯកសារនេះ បានសង្កត់ធ្ងន់ថា៖«រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការគាំទ្រដោយចំហ និងទទួលស្គាល់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ុយក្រែននូវអំពើភេរវកម្មអន្តរជាតិ ជាពិសេស នៅក្នុងតំបន់ Sahel»។
លើសពីនេះទៀត ទីក្រុងអៅហ្គាឌូហ្គូ (Ouagadougou) បាម៉ាកូ (Bamako) និងនីញ៉ាម៉េ(Niamey) បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទទួលខុសត្រូវចំពោះមុខជម្រើសដោយចេតនារបស់អ៊ុយក្រែន ក្នុងការគាំទ្រអំពើភេរវកម្ម ដើម្បីទប់ស្កាត់សកម្មភាពវិទ្ធង្សនាទាំងនេះ ដែលគំរាមកំហែងដល់ស្ថិរភាពនៃតំបន់ Sahel ឬនៅទ្វីបអាហ្រ្វិកទាំងមូល។
កាលពីថ្ងៃទី ២៥-២៧ ខែកក្កដា នៅតំបន់ Tinzaouaten (នៅភាគពាយ័ព្យប្រទេសម៉ាលី) ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារលើអង្គភាពមួយចំនួននៃកងកម្លាំងប្រដាប់អាវុធម៉ាលី ដែលបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ភ្លាមៗនោះដែរ អ្នកតំណាងនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន លោក Andrey Yusov បានប្រកាសពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងគីវ ក្នុងការវាយប្រហាររបស់ក្រុមភេរវករប្រដាប់អាវុធ នៅក្នុងតំបន់ Tinzaouaten។
ប្រទេសម៉ាលី ហើយបន្ទាប់មក នីហ្សេ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងការគាំទ្ររបស់ទីក្រុងគីវចំពោះក្រុមភេរវករ នៅក្នុងប្រទេសអាហ្វ្រិកនេះ។