ចលនាតស៊ូឥស្លាមរបស់ក្រុមជីវពលស៊ីអ៊ីតនៅប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនលើទីតាំងមួយ នៅទីក្រុងកំពង់ផែ Eilat ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត កងជីវពលនេះ បាននិយាយថា យុទ្ធជនរបស់ខ្លួន បានធ្វើការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារលើ «ទីតាំងសំខាន់» ក្នុងទីក្រុង Eilat ដោយបន្ថែមថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង «នៅក្នុងសាមគ្គីភាពជាមួយប្រជាជននៃតំបន់តំបន់ហ្កាហ្សា» និងបានប្តេជ្ញាបន្តកំណត់គោលដៅ «បន្ទាយរបស់សត្រូវ»បន្ថែមទៀត។
សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងគោលដៅ ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយអាជ្ញាធរអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារដែលគេសង្ស័យនោះទេ។
ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានបើកការវាយប្រហារជាច្រើនលើគោលដៅអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។