ជំនួយការប្រធានាធិបតី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង ត្រូវពិចារណាទទួលយកពលករបរទេសបន្ថែមទៀត ដើម្បីបង្កើនចំនួនប្រជាជន ក្នុងវ័យធ្វើការរបស់ខ្លួន ចំពេលមានវិបត្តិនៃការធ្លាក់ចុះចំនួនប្រជាជនដែលកំពុងកើនឡើង។
លោកស្រី You Hye-mi ជំនួយការជាន់ខ្ពស់ទទួលបន្ទុកផ្នែកដោះស្រាយអត្រាកំណើតទាប បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុ ខណៈដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងអត្រាកំណើតទាបបំផុតរបស់ពិភពលោក និងចំនួនប្រជាជនមានវ័យចំណាស់។
លោកស្រី You បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ KBS ថា៖«ដោយសារតែចំនួនប្រជាជនដែលមានអាយុធ្វើការមានការថយចុះយ៉ាងខ្លាំង ការប្រើប្រាស់ពលករបរទេស អាចជាជម្រើសមួយ ដើម្បីបង្កើនចំនួនប្រជាជន»។
អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ឬចំនួនជាមធ្យមនៃកុមារដែលរំពឹងថា នឹងកើតលើស្ត្រីពេញមួយជីវិតរបស់នាង បានឈានដល់កម្រិតទាបបំផុតគឺ 0,៧២ ក្នុងឆ្នាំ ២០២៣។
តួលេខនេះ គឺទាបជាងអត្រាមានកូន ២,១ សម្រាប់ស្ត្រីម្នាក់ដែលត្រូវការជាចំបាច់ ដើម្បីរក្សាចំនួនប្រជាជនឲ្យនៅថេរ ដោយគ្មានការធ្វើអន្តោប្រវេសន៍។
ប្រសិនបើនិន្នាការបច្ចុប្បន្ន នៅតែបន្ត លោកស្រី You បានព្រមានថា ចំនួនប្រជាជនរបស់ប្រទេស អាចថយចុះប្រហែល ៣០ ភាគរយ ហើយសមាមាត្រនៃចំនួនប្រជាជនចាស់នឹងលើសពីចំនួនប្រជាជនធ្វើការ។