រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងដូហាថា កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីបរវាងភាគីអ៊ីស្រាអែល និងចលនាតស៊ូប៉ាឡេស្ទីនហាម៉ាស មានឃ្លាមួយនិយាយអំពីការដកអង្គភាពមួយចំនួននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចេញពីដែនដីនោះ រដ្ឋជ្វីហ្វ យល់ព្រមចំពោះការវិឌ្ឍននៃស្ថានភាពនេះ។
លោក ប៊ីលនខិន បាននិយាយថា៖«សហរដ្ឋអាមេរិក មិនទទួលយកការកាន់កាប់រយៈពេលវែងណាមួយនៃតំបន់ហ្កាហ្សា ដោយប្រទេសអ៊ីស្រាអែលនោះទេ។ កាន់តែពិសេសទៅទៀតនោះ កិច្ចព្រមព្រៀងនេះ គឺច្បាស់លាស់ណាស់នៅលើកាលវិភាគ និងទីតាំងនៃការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ហើយ អ៊ីស្រាអែល បានយល់ព្រម» ដោយលោក បានបដិសេធមិនផ្តល់សេចក្តីលម្អិត។
ប្រមុខការទូតអាមេរិករូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកផ្ទាល់ បានទទួលការយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីមួយថ្ងៃមុននេះ។