ទ្រីអាត្លុង៖ អត្តពលិកបារាំង Vincent Luis បានប្រជែងឈ្នះការប្រកួតកីឡាទ្រីអាត្លុង Super League ផ្នែកបុរសនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ចុងសប្តាហ៍កន្លងទៅ។ Vincent Luis ដែលជាជើងឯកកាលពីឆ្នាំមុនបានប្រជែងឈ្នះកីឡាករអង់គ្លេស Jonny Brownlee ដើម្បីរកបានជ័យជំនះឱ្យក្រុម Scorpions។

មិនថា Vincent Luis រឺក៏ Jonny Brownlee រឺក៏អ្នកឈ្នះសប្តាហ៍មុនកីឡាករនូវែហ្ស៊ីឡង់ Hayden Wilde គ្មាននរណាម្នាក់ស្ថិតក្នុងលំដាប់ Top10 ឡើយក្នុងការប្រកួតយកថេរវេលាផ្ទាល់ខ្លួន។ នៅដំណាក់កាលទី២ Luis ធ្វើបានវេលាល្អជាងគេដោយហែលផុតពីបឹងមុនគេ តែម្ចាស់មេដាយប្រាក់អូឡាំពិក Alex Yee របស់ចក្រភពអង់គ្លេសឯណេះទេដែលបាននាំមុខគេនៅពាក់កណ្តាលផ្លូវ។
យ៉ាងណាក្តី Luis ធ្វើបានល្អណាស់ក្នុងដំណាក់កាលចុងក្រោយដែលត្រូវរត់នោះ ដោយមកដល់ទីព្រ័ត្រមុនគេលឿនជាងអ្នកលេខ២ Jonny Brownlee ៤វិនាទី។ លេខ៣ បានទៅកីឡាករអង់គ្លេស Alex Yee ដោយមកដល់ទីយឺតជាងអ្នកឈ្នះ ១៥វិនាទី និងគ្រប់គ្រាន់ល្មមដើម្បីឡើងមកនាំមុខគេក្នុងតារាងជើងឯករដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ