ប្រទេសថៃ នៅថ្ងៃពុធ (ទី២១ ខែសីហា) នេះ បានរាយការណ៍ពីករណីសង្ស័យដំបូងពីវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់ជាងមុននៃជំងឺអុតស្វា ដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាភាពអាសន្ននៃសុខភាពសាធារណៈសកល។
ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ព្រះរាជាណាចក្រនេះ លោក Thongchai Keeratihattayakorn បានប្រាប់សារព័ត៌មាន AFP ថា អ្នកជំងឺ គឺជាជនជាតិអឺរ៉ុបដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃពីប្រទេសអាហ្វ្រិកមួយ។
ការធ្វើតេស្តមន្ទីរពិសោធន៍ កំពុងដំណើរការ ដើម្បីបញ្ជាក់អំពីវីរុសបំប្លែងថ្មី ប៉ុន្តែក្រុមមន្ត្រីជឿថា វាជាប្រភេទវីរុស Clade 1។ អ្នកឆ្លងជំងឺនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យ។
លោក Thongchai បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបានធ្វើតេស្តមួយ ហើយប្រាកដណាស់ ពួកគេ ឆ្លងជំងឺអុតស្វា ហើយវាប្រាកដជាមិនមែនវីរុស Clade 2 នោះទេ។ យើងជឿជាក់ថា បុគ្គលនោះ ឆ្លងវីរុស Clade 1 ប៉ុន្តែយើងត្រូវរង់ចាំមើលលទ្ធផលចុងក្រោយ នៅក្នុងមន្ទីរពិសោធន៍រយៈពេល ២ថ្ងៃទៀត»។
គួរបញ្ជាក់ថា ករណីឆ្លង និងការស្លាប់ដោយជំងឺអុតស្វា កំពុងកើនឡើង នៅក្នុងទ្វីបអាហ្រ្វិក ដែលការផ្ទុះឡើង ត្រូវបានគេរាយការណ៍ នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រ្វ៉ាន់ដា និងអ៊ូហ្គង់ដា ចាប់តាំងពីខែកក្កដាមក៕