យោធាអ៊ីស្រាអែល នៅថ្ងៃពុធ (ទី២១ ខែសីហា) បានប្រាប់ឲ្យដឹងថា ខ្លួនបានទម្លាក់គ្រាប់បែកលើកន្លែងផ្ទុកអាវុធរបស់ក្រុមហេសបូឡា នៅជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ នាពេលយប់ ដោយនេះជាការវាយប្រហារចុងក្រោយបំផុតរបស់ខ្លួន ទៅលើឃ្លាំងអាវុធនៅបន្ទាយដ៏សំខាន់របស់កងជីវពលដ៏មានឥទ្ធិពលដែលគាំទ្រដោយអ៊ីរ៉ង់។
ការវាយប្រហារតាមអាកាស បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា «ការវាយប្រហារឃ្លាំងអាវុធ នៅក្នុងប្រទេសលីបង់ គឺជាការត្រៀមខ្លួនសម្រាប់អ្វីៗដែលអាចនឹងកើតឡើង»។
ក្រុមហេសបូឡា បានប្រាប់ថា ខ្លួនបានសងសឹក ចំពោះការវាយប្រហារលើតំបន់ Bekaa ដោយការបាញ់រ៉ូក្កែត Katyusha ទៅលើទីតាំងភស្តុភារយោធាអ៊ីស្រាអែល នៅតំបន់កាន់កាប់ Golan Heights របស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា ក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល បានជាប់នៅក្នុងជម្លោះកាន់តែងខ្លាំងឡើងៗ រយៈពេល ១០ខែចុងក្រោយនេះ ដែលកើតឡើងស្របគ្នានឹងសង្រ្គាម នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដោយជម្លោះនេះបានរីករាលដាលដល់តំបន់ជាច្រើនផ្សេងទៀត និងបង្កឲ្យមានការភ័យខ្លាចពីការមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ាទាំងមូល។
បើទោះបីការវាយប្រហារគ្នាទៅវិញទៅមកភាគច្រើន បានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែលក៏ដោយ ក៏ការវាយប្រហាររបស់អ៊ីស្រាអែលមួយចំនួន បានចូលទៅយ៉ាងជ្រៅក្នុងប្រទេសលីបង់ ក្នុងនោះរួមទាំងជ្រលង Bekaa ដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរីផងដែរ។
យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ភ្លាមៗនៅឡើយទេពីប្រភពសន្តិសុខ នៅលីបង់ ពាក់ព័ន្ធនឹងការវាយប្រហារលើឃ្លាំងអាវុធនេះ កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា)៕