ក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី២១ សីហា) នេះ បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីផ្តោតលើការពង្រីកយ៉ាងឆាប់រហ័សរបស់ចិន នៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ «សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយរឿងប្រឌិដ្ឋនៃការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសចិន ដោយយកធ្វើជាលេស ដើម្បីស្វែងរកផលប្រយោជន៍ជាយុទ្ធសាស្ត្រ»។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមីនា បានអនុម័តនូវផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរសម្ងាត់កម្រិតខ្ពស់ ដោយផ្តោតលើឃ្លាំងអាវុធដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ប៉ុន្តែក៏ប្រឹងប្រែងរៀបចំសហរដ្ឋអាមេរិក ដើម្បីត្រៀមសម្រាប់បញ្ហាប្រឈមនុយក្លេអ៊ែរដែលអាចត្រូវបានធ្វើឡើងជាមួយគ្នាពីចិន រុស្ស៊ី និងកូរ៉េខាងជើង។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា៖ «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ពាក់ព័ន្ធ ហើយការពិតបានបង្ហាញឲ្យឃើញទាំងស្រុងថា សហរដ្ឋអាមេរិកតែងតែបានបង្កឲ្យមានជាប់ជានិច្ចនូវអ្វីដែលត្រូវបានសន្មតថា ទ្រឹស្តីគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
យ៉ាងណាក្ដី សេតវិមាន កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា) បាននិយាយថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរសម្ងាត់ ដែលត្រូវបានអនុម័តដោយលោក Biden នៅឆ្នាំនេះ មិនមែនជាការឆ្លើយតបទៅនឹងប្រទេស ឬការគំរាមកំហែងតែមួយនោះទេ៕