ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា នៅថ្ងៃពុធ (ទី២១ ខែសីហា) សេវាអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ ហើយសាលារៀន ត្រូវបានបិទរយៈពេល ២ថ្ងៃជាប់គ្នា ក្នុងទីក្រុងមួយនៅជិតរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា គឺទីក្រុង Mumbai ខណៈដែលការតវ៉ា ជុំវិញការរំលោភផ្លូវភេទលើក្មេងស្រីអាយុ ៤ឆ្នាំចំនួន ២នាក់ បានកើនឡើងខ្លាំងទៅៗ។
ការតវ៉ា នៅទីក្រុង Badlapur ដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង Mumbai បានកើតឡើងចំពេលមានបាតុកម្មទូទាំងប្រទេស ជុំវិញការរំលោភ និងសម្លាប់វេជ្ជបណ្ឌិតវ័យ ៣១ឆ្នាំ នៅភាគខាងកើតទីក្រុង Kolkata។
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា អ្នកយាមកាមម្នាក់ ត្រូវបានចាប់ខ្លួនពីបទរំលោភផ្លូវភេទលើសិស្សនៅឯសាលាមួយ ក្នុងទីក្រុង Badlapur កាលពីចុងសប្តាហ៍។ ការហៅទូរសព្ទ និងការផ្ញើសារទៅកាន់មន្ត្រីនគរបាល នៅទីក្រុង Badlapur ពីសារព័ត៌មាន Reuters មិនទទួលបានការឆ្លើយតបនោះទេ កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា)។
ក្រុមបាតុករដែលពោរពេញទៅដោយកំហឹង បានបិទផ្លូវរថភ្លើងជាច្រើនម៉ោង កាលពីថ្ងៃទី២០ ខែសីហា ដើម្បីទាមទារយុត្តិធម៌ឲ្យកុមារ ដែលជាការធ្វើតាមការតវ៉ាស្រដៀងគ្នានេះ ដោយក្រុមគ្រូពេទ្យ និងស្ត្រី នៅទូទាំងប្រទេស។
បណ្តាញសារព័ត៌មាន ABP បានរាយការណ៍ថា អាជ្ញាធរបានបញ្ជាឲ្យបិទសាលារៀន ហើយសេវាកម្មអ៊ីនធឺណិត ត្រូវបានផ្អាក ដែលជាថ្ងៃទី២ ដើម្បីបញ្ឈប់ការប្រមូលផ្តុំ ឬការតវ៉ាណាមួយ៕