បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកលើដីអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ នៅទីក្រុងតេអេរ៉ង់។
បេសកកម្មនេះ បានប្រាប់សារព័ត៌មាន Wall Street Journal ថា៖«ពេលវេលា លក្ខខណ្ឌ និងរបៀបនៃការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដើម្បីធានាថា វាកើតឡើងនៅពេលនៃការភ្ញាក់ផ្អើលជាអតិបរមា ប្រហែលជានៅពេលដែលប្រជាជនអ៊ីស្រាអែល ផ្តោតមើលទៅលើអាកាស និងអេក្រង់រ៉ាដារបស់ពួកគេ ពួកគេ នឹងមានការភ្ញាក់ផ្អើលដោយសារការវាយប្រហារតាមផ្លូវគោក ឬប្រហែលជាដោយការរួមបញ្ចូលគ្នាទាំងតាមផ្លូវអាកាសដែរនោះ»។
ក្នុងពេលជាមួយគ្នានោះ បេសកកម្មអ៊ីរ៉ង់ បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់ មិនមានបំណងរំខានដល់ការចរចាលើការដោះស្រាយជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលកងទ័ពអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាសនោះទេ។ អ្នកការទូតអ៊ីរ៉ង់ បាននិយាយថា ការឆ្លើយតប «ត្រូវតែត្រូវបានក្រិតតាមខ្នាតដោយប្រុងប្រយ័ត្ន ដើម្បីចៀងវាងផលប៉ះពាល់អវិជ្ជមាន ដែលអាចមានឥទ្ធិពលខ្លាំងក្លាទៅលើបទឈប់បាញ់ នាពេលអនាគត» ។