បាល់ទាត់៖ ក្រុមបាល់ទាត់ Everton បានបន្តស្ថិតិមិនទាន់ចាញ់ ៤ប្រកួតរបស់ខ្លួនក្នុងរដូវកាលថ្មី English Premier League រដូវកាលនេះបន្ទាប់ពីវាយបកយកឈ្នះក្រុមភ្ញៀវ Burnley ៣-១ នៅ Goodison Park យប់ថ្ងៃចន្ទម្សិលមិញ។

ក្រុមភ្ញៀវ Burnley បាននាំមុខមុននៅនាទីទី៥៣ ដោយ Ben Mee មុនពេលដែល Michael Keane តាមស្មើវិញនៅនាទីទី៦០។ បន្ទាប់ពីតាមស្មើហើយ Everton ក៏រកបានពីរគ្រាប់ផ្ទួនៗទៀតនៅនាទីទី៦៥ និង ៦៦ ដោយ Andros Townsend និង Damarai Gray។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Rafael Benitez ឡើងមកឈរលេខ៤ ក្នុងតារាងមាន ១០ពិន្ទុស្មើជាមួយ Manchester United, Chelsea និង Liverpool។ ចំណែក Burnley នៅតែបន្តស្វែងរកជ័យជំនះដំបូងរបស់ខ្លួនដដែលបន្ទាប់ពីលេង ៤ប្រកួតស្មើ១ ចាញ់៣ ឈរលេខ១៨ ក្នុងតារាង៕
អត្ថបទ៖នាង សុភាវុធ