ប្រមុខរដ្ឋាភិបាលរុស្ស៊ី និងចិន នៅថ្ងៃពុធ (ទី២១ ខែសីហា) នេះ បានធ្វើកិច្ចពិភាក្សា នៅទីក្រុងមូស្គូរបស់ប្រទេសរុស្ស៊ី ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
អំឡុងជំនួបជាមួយសមភាគីចិន លោក Li Qiang ដែលកំពុងបំពេញទស្សនកិច្ច នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រាប់ថា ប្រទេសទាំង២ បង្កើតលក្ខខណ្ឌងាយស្រួល សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម។ លោកបានពណ៌នាថា ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ដែលរួមមានប្រេង ឧស្ម័ន ធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរ។
លោក Mishustin បានបន្ថែមថា ប្រទេសទាំង២ ចាត់ទុកថា ជាភាពសំខាន់ដ៏ពិសេស ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម និងការធានាសន្តិសុខស្បៀង។
ចំណែកឯលោក Li វិញ បានលើកឡើងថា ប្រទេសចិនប្តេជ្ញាបន្តទៅមុខយ៉ាងខ្ជាប់ខ្ជួនជាមួយដៃគូរុស្ស៊ី នៅពេលដែលភាគីទាំង២ «ប្រឈមនឹងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងអាចប្រែប្រួលបាន»។ រដ្ឋាភិបាលរុស្ស៊ី បានបង្ហោះសុន្ទរកថារបស់លោក Li ដោយបកប្រែជាភាសារុស្សី។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់បន្ថែមថា កិច្ចប្រឹងប្រែងនេះត្រូវបានកំណត់ដោយយុទ្ធសាស្ត្រពីមេដឹកនាំចិន និងរុស្ស៊ី គឺលោក Xi Jinping និងលោក Vladimir Putin។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ទីក្រុងមូស្គូនេះ កើតមានឡើង នៅពេលដែលធុរកិច្ចរុស្ស៊ី និងចិន កំពុងជួបការលំបាក ក្នុងជៀសឲ្យផុតពីទណ្ឌកម្មដែលដាក់លើរុស្ស៊ី ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត ជុំវិញ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅអ៊ុយក្រែន៕