ក្រុមតាលីបង់បានរារាំងអ្នករាយការណ៍ពិសេសដែលតែងតាំងដោយអង្គការសហប្រជាជាតិ (UN) គឺលោក Richard Bennett មិនចូលប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមអ្នកនាំពាក្យរបស់រដ្ឋបាល ដែលបានប្រាប់ទូរទស្សន៍ក្នុងស្រុក Tolo ដោយចោទប្រកាន់អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះថា «ផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោក Bennett ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ក្នុងឆ្នាំ២០២២ ដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីត្រូវបានក្រុមតាលីបង់គ្រប់គ្រង កាលពីឆ្នាំមុន។
លោក Bennett ដែលធ្លាប់បាននិយាយថា ការប្រព្រឹត្តរបស់ពួកតាលីបង់លើស្ត្រី និងកុមារី អាចស្មើនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មានមូលដ្ឋាននៅក្រៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែបានធ្វើដំណើរទៅជាច្រើនដង ដើម្បីស្រាវជ្រាវស្ថានភាព។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយលោក Bennett ក៏មិនអាចទាក់ទងបានភ្លាមៗនោះដែរ ដើម្បីសុំការអត្ថាធិប្បាយ៕