យោធាអ៊ុយក្រែន នៅថ្ងៃពុធ (ទី២១ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន កំពុងប្រើប្រាស់ប្រព័ន្ធរ៉ូក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានបណ្ដែត និងឧបករណ៍វិស្វកម្ម នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ដោយកំណត់គោលដៅលើភស្តុភារកម្ម នៅក្នុងការលុកលុយឆ្លងព្រំដែនដ៏ធំរបស់ខ្លួន។
មន្ត្រីរុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានបង្កការខូចខាត ឬបំផ្លាញស្ពានយ៉ាងហោចណាស់ចំនួន ៣ នៅលើទន្លេ Seym ចាប់តាំងពីទីក្រុងគីវ បានបើកការវាយលុកដ៏ធំមួយទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ដោយកំពុងរុលទៅមុខចម្ងាយរហូតដល់ ២៨-៣៥គីឡូម៉ែត្រ។
កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន បានឲ្យដឹងតាមរយៈនៅលើកម្មវិធី Telegram ថា៖ «តើស្ពានបណ្ដែតរបស់រុស្ស៊ី ក្នុងតំបន់ Kursk បាត់ទៅណា? ក្រុមអ្នកធ្វើប្រតិបត្តិការ ច្បាស់ណាស់បំផ្លាញពួកវា»។
សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រព័ន្ធរ៉ូក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ ដោយនេះជាសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងពីទីក្រុងគីវ ដែលថា អាវុធរបស់លោកខាងលិច គឺជាផ្នែកមួយនៃការវាយលុកដែលមិនធ្លាប់មានពីមុនមក។
ទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់នោះទេ ទាក់ទងនឹងការប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ Kursk ខណៈពេលដែលនិយាយថា គោលនយោបាយរបស់ខ្លួនមិនបានផ្លាស់ប្តូរនោះឡើយ ហើយថា អ៊ុយក្រែនកំពុងការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី៕