នគរបាលបានឲ្យដឹងថា បុគ្គលិក ៣នាក់នៃសាលាវិទ្យាល័យមួយ នៅភាគខាងលិចទីក្រុង Sanski ភាគខាងលិចប្រទេសបូស្នី ត្រូវបានសម្លាប់ នៅថ្ងៃពុធ (ទី២១ ខែសីហា) នេះ នៅពេលដែលបុគ្គលិកសាលាម្នាក់ បានបាញ់ពួកគេ ហើយបន្ទាប់មកព្យាយាមធ្វើអត្តឃាត។
អ្នកនាំពាក្យនគរបាលនៃតំបន់ Una-sana លោក Adnan Beganovic បាននិយាយថា នគរបាលត្រូវបានគេជូនដំណឹង នៅវេលាម៉ោង ១០:១៥នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨:១៥នាទី ម៉ោងសកល) ថា បុរសម្នាក់បានបើកការបាញ់ប្រហារ នៅសាលា ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ។ ហើយលោកបានបន្តថា ខ្មាន់កាំភ្លើង បានសម្លាប់នាយកសាលា លេខាធិការ និងគ្រូបង្រៀនម្នាក់។
ដោយប្រាប់បន្ថែមថា ជនសង្ស័យត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងទីក្រុង Banja Luka ក្បែរនោះ លោក Beganovic បាននិយាយថា៖ «គាត់ (ជនល្មើស) បានព្យាយាមធ្វើអត្តឃាត ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរ»។ លោកបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ។
គួរបញ្ជាក់ថា សាលារៀន នៅមិនទាន់បើកដំណើរការវិញនៅឡើយទេ ដោយសារវិស្សមកាលរដូវក្ដៅ ដូច្នេះ មិនមានក្មេងពាក់ព័ន្ធនឹងហេតុការណ៍នេះនោះទេ៕