ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការតាមនាយកដ្ឋាននៃអគ្គលេខាធិការរដ្ឋសភា។
នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា រដ្ឋសភានៃកម្ពុជា គិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ គឺជាខួប១ឆ្នាំនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៧ ជាពិសេស រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាបន្តដោយយកប្រជាពលរដ្ឋជាស្នូល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។
ឯកឧត្តម វង សូត មានប្រសាសន៍ទៀតថា ការបំពេញមុខងារទាំងបីរបស់រដ្ឋសភា គឺរដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងមុខងារនីតិកម្ម គឺទី១) ការកសាងច្បាប់ ទី២) ការតាមដានការអនុវត្តច្បាប់ និងទី៣) ភាពជាតំណាងប្រជាពលរដ្ឋ។ នៅក្នុងការអនុវត្តមុខងារ នីតិកម្ម រដ្ឋសភាបានអនុម័តច្បាប់ចាំបាច់ ដើម្បីធនាការដល់ការដឹកនាំគ្រប់គ្របគ្រងប្រទេស និងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកនៅលើគ្រប់វិស័យ។
ឯកឧត្តម បញ្ជាក់ថា រាល់សេចក្តីសម្រេចចិត្តក្នុងការកសាងច្បាប់របស់រដ្ឋសភា គឺតែងតែផ្តើមចេញពីឆន្ទៈ និងសេចក្តី ប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តើមចេញពីផលប្រយោជន៍ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បញ្ជាក់ទៀតថា អស់រយៈពេលពេញមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៧ បានចេញផ្សាយនូវឯកសារគតិយុត្តជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វង សូត លើកឡើងថា តាមអនុសាសន៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍស្ថាប័នរដ្ឋ សភាឱ្យទៅជារដ្ឋសភាឌីថល ដូចគ្នានឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ សម្រាប់ការប្រែក្លាយស្ថាប័នរដ្ឋសភា ជារដ្ឋសភាឌីជីថល គឺដើម្បីចាប់ដៃនិងរួមសហការជាមួយរាជរដ្ឋាភិ បាលនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ ជីវភាពពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៣០ ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
នាឱកាសនោះ ឯកឧត្តម ថ្លែងថា ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល សម្តេចរដ្ឋធិបតី លើកទឹកចិត្ត គាំទ្រការធ្វើ កំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជា សេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារៈបច្ចេកទេសលើការងាររដ្ឋបាល។






