ប្រមុខចារកម្មយោធាដែលកំពុងចុះចេញពីតំណែងរបស់អ៊ីស្រាអែល បានទទួលខុសត្រូវចំពោះបរាជ័យក្នុងការការពារព្រំដែនរបស់ខ្លួនពីការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ឆ្នាំមុន របស់ក្រុមហាម៉ាស ក្នុងពិធីលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃពុធ (២១ សីហា)។

លោកឧត្តមសេនីយ អាហារ៉ន ហាលីវ៉ា (Aharon Haliva) បានប្រកាសចុះពីតំណែងតាំងតែពីខែមេសា ហើយលោកជាមេបញ្ជាការជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលបាននិយាយថា ខ្លួនមិនបានដឹងជាមុនពីការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលនេះ និងទប់ស្កាត់ឱ្យទាន់ពេលវេលាទេ។

លោក Haliva បាននិយាយថា «ការបរាជ័យនៃអង្គភាពចារកម្មគឺជាកំហុសរបស់ខ្ញុំ» ហើយលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតថ្នាក់ជាតិ «ដើម្បីសិក្សា» និង «យល់ឱ្យបានស៊ីជម្រៅ» ពីហេតុផលដែលនាំឱ្យមានសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់សេវាយោធា និងចារកម្មអ៊ីស្រាអែលយ៉ាងខ្លាំង ដែលពីមុនត្រូវបានគេមើលឃើញថាខ្លាំងពូកែមិនអាចយកឈ្នះបានដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដូចជាក្រុមហាម៉ាសនេះជាដើម។

នៅព្រឹកព្រលឹមថ្ងៃទី០៧ ខែតុលា បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ូកែត យុទ្ធជនរាប់ពាន់នាក់មកពីក្រុមហាម៉ាស និងក្រុមផ្សេងទៀតបានទម្លុះរបាំងសន្តិសុខជុំវិញតំបន់ហ្កាហ្សា ធ្វើឱ្យកងកម្លាំងអ៊ីស្រាអែលភ្ញាក់ផ្អើល និងបានវាយប្រហារតាមសហគមន៍នានានៅភាគខាងត្បូងអ៊ីស្រាអែល។
អ៊ីស្រាអែល និងជនបរទេសប្រមាណជិត ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលភាគច្រើនជាជនស៊ីវិល ហើយប្រហែល ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ ចំណាប់ថ្នូរ ១០៩នាក់ត្រូវបានគេជឿថានៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដែលប្រហែលមួយភាគបីនៃអ្នកទាំងនោះត្រូវគេគិតថាបានស្លាប់៕