ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានដាក់ចេញនូវវិធានការណ៍ និងអនុសាសន៍ដើម្បីការពារជំងឺអុតស្វា (mpox) ខណៈមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺនេះនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺអុតស្វាប្រភេទថ្មី ដែលត្រូវបានគេស្គាល់ថាជំងឺបំម្លែងខ្លួនថ្មីប្រភេទទី១ប៊ី (clade 1b) នៅអាហ្វ្រិកបានជំរុញឱ្យអង្គការសុខភាពពិភពលោកប្រកាសអាសន្នសុខភាពសាធារណៈកាលពីសប្តាហ៍មុន។

បន្ទាប់ពីការរីករាលដាល ប្រទេសនានា បានចាប់ផ្តើមរឹតបន្តឹងការត្រួតពិនិត្យសុខភាពនៅតាមព្រំដែនរបស់ខ្លួន ដោយតាមដានយ៉ាងដិតដល់នូវការមកដល់ពីបណ្ដារដ្ឋនៅអាហ្វ្រិក ដែលរងផលប៉ះពាល់ខ្លាំងបំផុត។កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកជំនាញជំងឺឆ្លង និងវេជ្ជបណ្ឌិតសុខភាពសាធារណៈនឹងត្រូវដាក់ពង្រាយនៅច្រកទ្វារនៃជើងហោះហើរដែលមកដល់ពីប្រទេសអេត្យូពី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់ទ្វីបអាហ្រ្វិក ដើម្បីតាមដានអ្នកដំណើរដែលចូលមក។
ក្រុមអាជ្ញាធរសុខាភិបាលក្នុងប្រទេសថៃ កាលពីថ្ងៃពុធ បាននិយាយថា ពួកគេបានរកឃើញករណីសង្ស័យដំបូងរបស់អាស៊ីនៃវីរុសប្រភេទថ្មី Clade 1b ថ្មីក្នុងខ្លួនបុរសជនជាតិអឺរ៉ុបម្នាក់ ដែលទើបតែបានធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក។
ទន្ទឹមនឹងនេះ កោះ តៃវ៉ាន់បានចាប់ផ្តើមស្តុកវ៉ាក់សាំងរួចហើយ និងធ្វើយុទ្ធនាការចាក់ថ្នាំបង្ការតាមគោលដៅសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ រួមទាំងបុគ្គលិកពេទ្យផងដែរ។
ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងចាប់ផ្តើមត្រួតពិនិត្យមនុស្ស និងទំនិញនាំចូលដើម្បីរកជំងឺអុតស្វា ក្នុងរយៈពេល៦ខែខាងមុខ។
ចំណែករដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីននិយាយកាលពីថ្ងៃពុធថា ករណីជំងឺអុតស្វា ដែលទើបនឹងរកឃើញក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ គឺជាជំងឺបំម្លែងខ្លួនថ្មីប្រភេទទី២( Clade 2) កម្រិតស្រាល ហើយមិនមែនជាជំងឺបំម្លែងខ្លួនថ្មី ដែលបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិកនោះទេ។រីឯនៅប្រទេសអាស៊ីខាងត្បូងក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរដូចជាប៉ាគីស្ថានជាដើម៕