យោធាអ៊ីស្រាអែល បានសម្លាប់ជនសកម្មប្រយុទ្ធជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ នៅក្នុងការវាយប្រហារ កាលពីថ្ងៃពុធ ទៅលើប្រទេសលីបង់ ដែលនាំឱ្យមានការចោទប្រកាន់ពីចលនាក្រុម Fatah ថា អ៊ីស្រាអែលកំពុងព្យាយាម បញ្ឆេះសង្រ្គាមក្នុងតំបន់។

ការវាយប្រហារដែលបានសម្លាប់លោក Khalil Maqdah ដែលក្រុម Fatah ចាត់ទុកថាជា «មេដឹកនាំម្នាក់» នៃស្លាបប្រដាប់អាវុធរបស់ខ្លួននៅក្នុងប្រទេសលីបង់ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងឈានដល់បទឈប់បាញ់នៅសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

សេតវិមានបាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពី «កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ព្រមទាំងការខិតខំផ្នែកការទូត ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។
ក្រុមចលនា Fatah ដែលមានមូលដ្ឋាននៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល បាននិយាយថា លោក Maqdah ត្រូវបានសម្លាប់នៅជិតទីក្រុងSidon ភាគខាងត្បូងប្រទេសលីបង់។
អ៊ីស្រាអែល បានចោទប្រកាន់លោកពីការ «ដឹកនាំការវាយប្រហារ និងការរត់ពន្ធអាវុធ» ទៅកាន់តំបន់ West Bank និងសហការជាមួយកងកម្លាំងអ៊ីរ៉ង់។ ការសម្លាប់លោក គឺជាលើកដំបូង ដែលអ៊ីស្រាអែលបានដាក់គោលដៅលើសមាជិកជាន់ខ្ពស់របស់ចលនាក្រុម Fatah ក្នុងរយៈពេលជាង១០ខែនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាមួយក្រុមសកម្មប្រយុទ្ធលីបង់ ដែលភាគច្រើនមកពីក្រុមហេសបូឡា ក្នុងអំឡុងសង្គ្រាមនៅហ្កាហ្សា។