លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានរំលឹកឡើងវិញថា នៅវេលានេះមិនមែនជាយុគសម័យនៃសង្រ្គាមទេ អំឡុងថ្លែងទៅកាន់សហគមន៍ឥណ្ឌាក្នុងប្រទេសប៉ូឡូញ ពីរថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន ដែលលោកបានសន្យាថានឹងធ្វើយុទ្ធនាការសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន។

លោកថ្លែងថា ឥណ្ឌាគឺជាអ្នកតស៊ូមតិសន្តិភាពអចិន្ត្រៃយ៍នៅក្នុងតំបន់នេះ។ជំហររបស់យើងគឺច្បាស់ណាស់ថានេះមិនមែនជាយុគសម័យនៃសង្រ្គាមទេ។នេះគឺជាពេលវេលារួមគ្នាប្រឆាំងនឹងបញ្ហាប្រឈមដែលគំរាមកំហែងដល់មនុស្សជាតិ។ដូច្នេះហើយឥណ្ឌាជឿជាក់លើការទូតនិងការសន្ទនា។

លោកនាយករដ្ឋមន្ត្រី Modi វ័យ៧៣ ឆ្នាំ រូបនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងដែលធ្វើដំណើរទៅអ៊ុយក្រែន ហើយជាលើកដំបូងក្នុងរយៈពេល ៤៥ ឆ្នាំដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញរយៈពេល៣ថ្ងៃជាប់ទីថ្ងៃទី២១សីហាសប្ដាហ៍នេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Kyiv និងជាច្រកដ៏សំខាន់សម្រាប់មេដឹកនាំបរទេសធ្វើដំណើរទៅកាន់ប្រទេសជិតខាងដែលហែកហួរដោយសង្រ្គាមមួយនេះ។
លោកនាយករដ្ឋមន្ត្រី Modi ដែលនឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Volodymyr Zelensky នៅថ្ងៃទី ២៣ ខែសីហា បាននិយាយថា លោកនឹងចែករំលែកជាមួយទស្សនវិស័យរបស់មេដឹកនាំអ៊ុយក្រែនស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះដែលកំពុងបន្ត។

ដំណើរទស្សនកិច្ចរបស់លោកទៅក្រុងគីវ កើតឡើងជិត៦សប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ល្បីល្បាញរបស់លោកទៅទីក្រុងមូស្គូ ដែលបានបង្កការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន៕