ក្រុមហ៊ុនផលិតទឹកដោះគោ និងឈីសនៅអឺរ៉ុប បានក្លាយជាគោលដៅចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងជាមួយចិន។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃពុធ (២១ សីហា) ថា ខ្លួននឹងបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនដែលផ្តល់ដោយសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប សម្រាប់ផលិតផលទឹកដោះគោ ដែលអាចនាំឱ្យមានការដាក់ពន្ធលើការនាំចេញទៅកាន់ចិន។

សេចក្តីប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានចេញផ្សាយពង្រាងសេចក្តីសម្រេចយកពន្ធលើរថយន្តអគ្គិសនីដែលផលិតនៅចិន ក្នុងការតាមដានលើពន្ធបណ្តោះអាសន្នដែលបានប្រកាសកាលពីខែមុន។ ការដំឡើងពន្ធនេះត្រូវបានរិះគន់ដោយរដ្ឋាភិបាលចិន និងក្រុមហ៊ុនផលិតរថយន្ត ហើយភាគីចិន គម្រាមចាត់វិធានការតបតយ៉ាងចាស់ដៃ។

ក្រសួងពាណិជ្ជកម្មចិននិយាយថា ការស៊ើបអង្កេតរបស់ខ្លួននឹងគ្របដណ្តប់លើផលិតផលទឹកដោះគោជាច្រើនរួមមានឈីសស្រស់ និងកែច្នៃ ឈីសខៀវ និងទឹកដោះគោ រួមទាំងប្រភេទគ្រីមទឹកដោះគោដែលមានជាតិខ្លាញ់លើសពី ១០ភាគរយ។ ក្រសួងនឹងពិនិត្យមើលការឧបត្ថម្ភធនក្រោមគោលនយោបាយកសិកម្មរួមរបស់សហភាពអឺរ៉ុប ក៏ដូចជាការផ្តល់ដោយប្រទេសចំនួនប្រាំបីនៃសហភាពអឺរ៉ុប រួមទាំងអ៊ីតាលី ហ្វាំងឡង់ និងក្រូអាស៊ី។

ក្រសួងពាណិជ្ជកម្មពីមុនបានបើកការស៊ើបអង្កេតលើការនាំចេញម៉ាកយីហោអឺរ៉ុប និងការនាំចេញសាច់ជ្រូករបស់អឺរ៉ុបនៅដំណាក់កាលផ្សេងៗ តបតនឹងការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនរបស់ចិនសម្រាប់រថយន្តអគ្គិសនី។ ការស៊ើបអង្កេតសងសឹកទាំងនេះបានបង្កើនការភ័យខ្លាចថា សង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំអាចនឹងលេចចេញជាបណ្តើរៗ៕