សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការចែកចាយវ៉ាក់សាំងជំងឺអុតស្វាជាលើកដំបូងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសអុតស្វា ដែលត្រូវបានប្រកាសថាជាភាពអាសន្ននៅក្នុងទ្វីបអាហ្វ្រិក ខណៈករណីអ្នកឆ្លងវីរុសនេះបានបន្តកើនឡើងជាលំដាប់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សាមូអែល មូឡាំបា (Samuel Mulamba) នៅក្នុងប្រទេសកុងហ្គោ ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ន បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា កុងហ្គោរំពឹងថានឹងទទួលបានការដឹកជញ្ជូនជាលើកដំបូងនៃវ៉ាក់សាំងនៅដើមសប្តាហ៍ក្រោយ។

ចាប់តាំងពីដើមឆ្នាំនេះមក ករណីឆ្លងមេរោគអុតស្វាមានច្រើនជាង ១៦.០០០នាក់ និងការស្លាប់ប្រហែល ៥៧០នាក់ត្រូវបានបញ្ជាក់នៅកុងហ្គោ ដែលជាង ៩០ភាគរយនៃករណីឆ្លងទាំងនោះត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងប្រភេទចុងក្រោយបំផុតនៃការផ្ទុះឡើងនៃវីរុសដ៏រីករាលដាលនៅទ្វីបអាហ្រ្វិកមួយនេះ។ លោក មូឡាំបា បាននិយាយថា ទាំងជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាផ្តល់វ៉ាក់សាំងដល់កុងហ្គោ ដែលដូចប្រទេសដទៃទៀតនៅក្នុងទ្វីបអាហ្រ្វិកដែរ គឺពឹងផ្អែកលើការបរិច្ចាគ។

អង្គការ អកស៍ហ្វាម អ៊ីនធើណាសស៊ិនណល (Oxfam International) ដែលជាអង្គការសប្បុរសធម៌អន្តរជាតិ ស្ថិតក្នុងចំណោមស្ថាប័នពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំងនេះ ដែលភាគច្រើនត្រូវបានស្តុកទុកក្នុងបណ្ដាប្រទេស និងតំបន់ដែលសម្បូរទ្រព្យដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម៕