មន្ត្រីរដ្ឋាភិបាលតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ នៅក្នុងការផ្ទុះនៅរោងចក្រផលិតឱសថនៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃពុធ។

ចំនួនអ្នកស្លាប់គិតត្រឹមពេលនេះមានចំនួន១៧នាក់ ហើយចំនួននេះទំនងជាកើនឡើងខណៈមនុស្សជិត៤០នាក់ផ្សេងទៀតបានរងរបួស ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងនៅបន្ត។

យោងតាមអាជ្ញាធរស្រុកបាននិយាយឱ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅពេលរសៀល នៅអង្គភាពផលិតឱសថដែលមានទំហំប្រមាណ១៦ហិចតា ជាទីតាំងឯកជន ដែលដំណើរការតាំងពីឆ្នាំ២០១៩ នៅក្នុងស្រុក Anakapalli របស់រដ្ឋ Andhra Pradesh ។ រដ្ឋាភិបាលរដ្ឋ បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
កាលពីឆ្នាំមុន មនុស្សពីរនាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុអគ្គិភ័យស្រដៀងគ្នានេះ ដែលបានផ្ទុះឡើងនៅរោងចក្ររ៉េអាក់ទ័រសម្រាប់រំលាយ នៅអង្គភាព Sahithi Pharma ក្នុងស្រុក Anakapalli ។