ការផ្ទុះភ្នំភ្លើងបានបញ្ចេញផ្សែងផេះដ៏ក្រាស់ និងបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើនក្នុងប្រទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ (២២ សីហា) នេះ ដោយអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានព្រមានថាវាអាចបន្តបង្កផលប៉ះពាល់ក្នុងពេល «ច្រើនសប្តាហ៍ទៅច្រើនខែ» ខាងមុខទៀត។
បន្ទុះនេះកើតឡើងមកពីកោះភ្នំភ្លើងឈ្មោះថា វ៉ាយ អាយលែន (White Island) ដែលធ្លាប់បានផ្ទុះក្នុងឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្ស ២២នាក់នៅពេលនោះ។ កោះដែលធ្លាប់ទទួលបានការពេញនិយមពីសំណាក់អ្នកទេសចរនេះ ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីកោះ ណស អាយលែន (North Island) របស់នូវែលសេឡង់ និងចម្ងាយ ២០០គីឡូម៉ែត្រពីទីក្រុង អកលែន (Auckland) ដែលជាទីក្រុងធំបំផុតរបស់ប្រទេស។
ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ (Air New Zealand) បាននិយាយថា ជើងហោះហើរចំនួន១០ ត្រូវបានលុបចោលនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយសារផ្សែងផេះភ្នំភ្លើងបានរសាត់ពេញផ្លូវហោះហើរ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍នេះបានប្រាប់សារព័ត៌មាន AFP ថា ជើងហោះហើរបានបន្តឡើងវិញ បន្ទាប់ពីផ្សែងផេះនៅក្នុងលំហអាកាសជុំវិញនោះរសាត់បាត់អស់។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកស្រុកនៅលើប្រជុំកោះសំខាន់ៗរបស់នូវែលសេឡង់ អាចធុំក្លិនឧស្ម័នភ្នំភ្លើង ឬមានការរលាកស្រាលចំពោះភ្នែក ឬបំពង់ករបស់ពួកគេ ទោះបីជាផលប៉ះពាល់នឹងមានតិចតួចក៏ដោយ។ នូវែលសេឡង់ បានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងរបស់ខ្លួនកាលពីដើមខែសីហា ដល់លេខ៣ ក្នុងចំណោមកម្រិតអតិបរមាចំនួន៥លេខរបស់ប្រទេស៕