ទូរទស្សន៍ al-Masirahគ្រប់គ្រងដោយក្រុមហ៊ួទី បានរាយការណ៍ថា កងកម្លាំងចម្រុះនៃកងទ័ពជើងទឹកអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន ៣លើក លើតំបន់ Salif ក្នុងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន កាលពីថ្ងៃពុធ។
របាយការណ៍ មិនបានផ្តល់អំពីចំនួនស្លាប់ និងរបួស ឬព័ត៌មានលម្អិតផ្សេងទៀតទេ។
អ្នកស្រុក បានប្រាប់សារព័ត៌មានស៊ីនហួថា ពួកគេ បានឮសំឡេងផ្ទុះ និងបានឃើញផ្សែងខ្មៅហុយចេញពីទីតាំងយោធារបស់ក្រុមហ៊ួទីក្នុងតំបន់ Salif ដោយបន្ថែមថា ពួកគេ ក៏បានឃើញរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ទៅកន្លែងកើតហេតុផងដែរ។
យោងតាមទូរទស្សន៍ហ៊ួទី បានឲ្យដឹងថា តំបន់ Salif ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងកំពង់ផែនេះ ត្រូវបានវាយប្រហារជាញឹកញាប់ដោយកងកម្លាំងចម្រុះអាមេរិក-អង់គ្លេស។
ក្រុមចម្រុះ មិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។
ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីនាវាដឹកទំនិញពីរគ្រឿង មួយគ្រឿងនៅសមុទ្រក្រហម និងមួយគ្រឿងទៀតនៅឈូងសមុទ្រ Aden ត្រូវបានរាយការណ៍ថា ត្រូវរងការវាយប្រហារដោយមីស៊ីល យានដ្រូន និងទូកយានដ្រូន។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ួទី បាននិងកំពុងបាញ់មីស៊ីលប្រឆាំងនាវា និងការវាយប្រហារដោយយានដ្រូនទៅលើ «នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល«នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ជាការឆ្លើយតប កងកម្លាំងចម្រុះនៃកងទ័ពជើងទឹកអាមេរិក-អង់គ្លេស នៅតំបន់នោះ ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាសជាប្រចាំ និងការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទី ដើម្បីរារាំងក្រុមនេះ។