គណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២២ សីហា) នេះថា ការចំណាយលើវិស័យការពារជាតិរបស់កោះ នឹងកើនឡើង ៧,៧ភាគរយ នៅឆ្នាំ២០២៥ ដោយលើសពីកំណើនសេដ្ឋកិច្ចដែលរំពឹងទុក ដោយសារកោះតៃវ៉ាន់ បន្ថែមយន្តហោះចម្បាំង និងមីស៊ីលថែមទៀតដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីទីក្រុងប៉េកាំង។
ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងការអះអាងសិទ្ធិទាំងនោះ ដោយទីក្រុងតៃប៉ិ នៅតែបន្តបដិសេធយ៉ាងខ្លាំង។
គណៈរដ្ឋមន្ត្រីតៃវ៉ាន់បាននិយាយបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍ថា ការចំណាយលើវិស័យការពារជាតិឆ្នាំ២០២៥ នឹងកើនឡើង ៧,៧ភាគរយ ធៀបនឹងឆ្នាំមុន ដល់ចំនួន ៦៤៧ពាន់លានដុល្លារតៃវ៉ាន់ (២០,២៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៤៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលកើនឡើងពីតួលេខ ២,៣៨ភាគរយនៅឆ្នាំនេះ ហើយលើសពីចំនួនការរំពឹងទុក ៣,២៦ភាគរយ សម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះរបស់រដ្ឋាភិបាល។
ការចំណាយនេះរួមបញ្ចូលថវិកាពិសេសដែលមានតម្លៃ ៩០,៤ពាន់លានដុល្លារតៃវ៉ាន់ ដើម្បីទិញយន្តហោះចម្បាំងថ្មី និងបង្កើនការផលិតមីស៊ីល។ នោះគឺជាផ្នែកនៃការចំណាយបន្ថែមរបស់យោធាដែលមានតម្លៃ ២៤០ពាន់លានដុល្លារតៃវ៉ាន់ ដែលបានប្រកាសនៅឆ្នាំ២០២១ ក្នុងរយៈពេល ៥ឆ្នាំ។
រដ្ឋាភិបាលកោះតៃវ៉ាន់ បានដាក់ទំនើបកម្មយោធាជាវេទិកាគោលនយោបាយដ៏សំខាន់ ហើយបានសន្យាម្តងហើយម្តងទៀតថានឹងចំណាយបន្ថែមទៀតលើការការពាររបស់ខ្លួន ដោយសារតែការគំរាមកំហែងកើនឡើងពីចិន រួមទាំងការអភិវឌ្ឍនាវាមុជទឹកដែលផលិតនៅតៃវ៉ាន់ផងដែរ៕