លោក អាលូ ប៊យ ឌៀរ៉ា (Alou Boi Diarra) នាយសេនាធិការកងទ័ពអាកាសម៉ាលី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ RTVI ថា រដ្ឋាភិបាលម៉ាលីដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករចម្រុះ បានគ្រប់គ្រងទឹកដីស្ទើរតែទាំងអស់របស់ប្រទេសនេះឡើងវិញ ដោយសារមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី។
លោក បាននិយាយថា៖«ប្រទេសរុស្ស៊ី គឺជាដៃគូដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្តរបស់យើង ដែលជាប្រទេសជាមិត្តជិតស្និទ្ធ។ លើសពីនេះ ប្រទេសនេះ គឺជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់យើង ដែលបានជួយយើងតាំងពីការបង្កើតរដ្ឋរបស់យើង ហើយគោលដៅចម្បងរបស់រុស្ស៊ី គឺធានាសន្តិសុខនៅក្នុងប្រទេសរបស់យើង»។
លោក ឌៀរ៉ា បានបន្តថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយាសារមានកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរុស្ស៊ី កងកម្លាំងប្រដាប់អាវុធនៃប្រទេសម៉ាលី ត្រូវបានពង្រឹងគ្រប់គ្រាន់។ ដោយមានកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរុស្ស៊ី យើងអាចទទួលបានអាវុធដ៏មានឥទ្ធិពល ដែលមានសារៈសំខាន់ក្នុងស្ថានភាពបច្ចុប្បន្នរបស់យើង។ រុស្ស៊ីក៏បានបញ្ជូន គ្រូបង្ហាត់ មកប្រទេសរបស់យើង ដើម្បីជួយយើងក្នុងប្រតិបត្តិការ និងប្រយុទ្ធក្នុងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍នេះ ដើម្បីប្រាប់យើងពីរបៀបប្រើប្រាស់វាឲ្យ បានល្អបំផុត ហើយដោយមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីនេះ ទើបយើងអាចដណ្តើមបានមកវិញនូវស្ទើរតែទាំងអស់នៃទឹកដីនៃប្រទេសរបស់យើង»។