មន្ត្រីរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ី បានរារាំងក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់អ៊ុយក្រែន មិនឱ្យវាយទម្លុះចូលព្រំដែននៅតំបន់ ព្រីយ៉ាន (Bryansk) ភាគខាងលិច ដែលមានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ ពីទីតាំងនៃការវាយលុកបច្ចុប្បន្នរបស់អ៊ុយក្រែន នៅក្នុងតំបន់ ឃើស (Kursk) ដែលនៅជិតនោះ។
រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២១ សីហា) ថា កងកម្លាំងរបស់ខ្លួនបានបន្តវាយរុលនៅភាគខាងកើតអ៊ុយក្រែន ហើយបានចាប់ផ្តើមរុញច្រានកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ខណៈមេបញ្ជាការជាន់ខ្ពស់បានព្រមានថា កងកម្លាំងអ៊ុយក្រែនកំពុងប្រមូលផ្តុំគ្នាឡើងវិញសម្រាប់លទ្ធភាពនៃការវាយប្រហារមួយផ្សេងទៀត។
អភិបាលក្រុង Bryansk លោក អាឡិចសាន់ឌឺ បូហ្គោម៉ាស (Alexander Bogomaz) បាននិយាយថា កងឆ្មាំព្រំដែននៃសេវាសន្តិសុខសហព័ន្ធ និងអង្គភាពយោធារុស្ស៊ី បានវាយបកលើការវាយប្រហារដោយក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់អ៊ុយក្រែនកាលពីថ្ងៃពុធ ហើយរារាំងពួកគេមិនឱ្យចូលព្រំដែន។
លោកបន្ថែមថា ការប៉ុនប៉ងលុកលុយនេះបានកើតឡើងនៅក្នុងស្រុក ឃ្លីមូវ៉ូ (Klimovo) ដែលមានព្រំប្រទល់ជាប់តំបន់ ឈឺនីហ៊ីវ (Chernihiv) របស់អ៊ុយក្រែន។ តំបន់ Bryansk នេះស្ថិតនៅភាគពាយព្យនៃតំបន់ Kursk ជាទីដែលការលុកលុយរបស់ទីក្រុងគីវ បានកើតឡើងតាំងពីដើមខែសីហា មក៕