ទីភ្នាក់ងារទេសន្តប្រវេសន៍អង្គការសហប្រជាជាតិ បានអំពាវនាវរកថវិកាចំនួន១៨,៥លានដុល្លារអាមេរិក កាលពីថ្ងៃពុធ ដើម្បីផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់ប្រជាជនដែលមានហានិភ័យខ្ពស់រងផលប៉ះពាល់ដោយជំងឺអុតស្វា នៅអាហ្វ្រិកភាគខាងកើត នៅញកអាហ្វ្រិក និងនៅអាហ្វ្រិកខាងត្បូង។ លោកស្រី Amy Pope អគ្គនាយកនៃអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា មូលនិធិនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីផ្តល់សេវាថែទាំសុខភាពដល់ជនភៀសខ្លួនតែក្នុងប្រទេស និងសហគមន៍ម្ចាស់ផ្ទះ នៅក្នុងតំបន់។
លោកស្រី Pope និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានី ប្រទេសកេនយ៉ា ថា «យើងត្រូវតែធ្វើសកម្មភាពឲ្យបានឆាប់រហ័សដើម្បីការពារអ្នកទាំងឡាយដែលមានហានិភ័យខ្ពស់បំផុត និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងជំងឺនៅក្នុងតំបន់។ លោកស្រី និយាយថា ការរីករាលដាលជំងឺអុតស្វា ដែលបានលេចចេញជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ក្នុងពេលមានការកើនឡើងការចម្លងឆ្លងកាត់ព្រំដែន ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះជនអន្តោប្រវេសន៍ដែលងាយរងគ្រោះ ប្រជាជនដែលធ្វើការចល័ត និងសហគមន៍ជនភៀសខ្លួន ដែលតែងតែមើលរំលងក្នុងវិបត្តិបែបនេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា មូលនិធិ នឹងត្រូវបានប្រើប្រាស់ដើម្បីកសាងសមត្ថភាពបុគ្គលិកថែទាំសុខភាពជាតិ និងអ្នកឆ្លើយតបជួរមុខ ហើយអាចកំណត់តំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីធានាបានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនៃជំងឺ និងកាត់បន្ថយការរាលដាលឆ្លងព្រំដែន។
ជំងឺអុតស្វា ជាជំងឺឆ្លងបង្កឡើងដោយវីរុសអុតស្វា ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ រួមមានអាការៈគ្រុនក្តៅ ឡើងកូនកណ្តុរ ឈឺបំពង់ក ឈឺសាច់ដុំ កន្ទួលលើស្បែក និងឈឺខ្នង។ ការរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីនេះ បាននាំឱ្យអង្គការសុខភាពពិភពលោក (WHO) ប្រកាសថាជំងឺអុតស្វា ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានករណីសង្ស័យជាង ១៥.០០០ករណី នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោតែមួយ រួមមានអ្នកស្លាប់ចំនួន៥៣៧នាក់ ហើយករណីផ្សេងទៀត ត្រូវបានបញ្ជាក់នៅក្នុងប្រទេសប៊ូរុនឌី កេនយ៉ា រ៉្វាន់ដា អាហ្វ្រិកខាងត្បូង និងប្រទេសអ៊ុយហ្គង់ដា។