នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅថ្ងៃពុធ (ទី២១ ខែសីហា) បានជំរុញឲ្យក្រុមហ៊ុនផ្លូវដែកសំខាន់២ របស់ប្រទេស និងសហជីព Teamsters ដោះស្រាយភាពខុសគ្នារបស់ពួកគេ និងជៀសវាងការរំខាន ដែលអាចបណ្តាលឲ្យមានការខូចខាតសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។
លទ្ធភាពនៃកិច្ចព្រមព្រៀងនាទីចុងក្រោយ ហាក់ដូចជារលាយបាត់ នៅពេលដែលផ្លូវដែកជាតិកាណាដាបានរាយការណ៍ថា ការពិភាក្សាបានបែកបាក់ និងស្នើសុំការអន្តរាគមន៍ពីរដ្ឋាភិបាល។
ក្រុមហ៊ុន CN Rail និង Canadian Pacific Kansas City (CPKC) បានព្រមានពីការបិទមិនឲ្យបុគ្គលិកធ្វើការ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) នេះ ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីនោះទេ។ នេះនឹងជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ខណៈដែលក្រុមហ៊ុនទាំង២ មិនដែលបិទប្រតិបត្តិការព្រមគ្នាដូច្នេះទេ។
គួរបញ្ជាក់ថា កិច្ចពិភាក្សា រវាងក្រុមហ៊ុនទាំង២ និងសហជីព មានការរីកចម្រើនតិចតួច ដោយភាគីនីមួយៗ បានចោទប្រកាន់ភាគីម្ខាងទៀត អំពីការមានចេតនាមិនល្អ។
ចរាចរណ៍ផ្លូវដែកទាំងអស់ នៅក្នុងប្រទេសកាណាដា និងរាល់ការដឹកជញ្ជូនឆ្លងកាត់ ព្រំដែនសហរដ្ឋអាមេរិក ត្រូវបានបញ្ឈប់ ទោះបីជាសេវាកម្មរថភ្លើងរបស់ក្រុមហ៊ុន CPKC និង CN នឹងបន្តដំណើរការ នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិកក៏ដោយ៕