Neuralink Corp ដែលជាក្រុមហ៊ុនកុំព្យូទ័រខួរក្បាលរបស់លោក Elon Musk បាននិយាយថា ការវះកាត់ផ្សាំឧបករណ៍ទី២ ក្នុងខ្លួនមនុស្ស «បានដំណើរការទៅយ៉ាងល្អប្រសើរ» ហើយឥឡូវនេះអ្នកជំងឺ អាចរចនាវត្ថុ 3D និងលេងហ្គេមវីដេអូ ដូចជា Counter-Strike 2 ជាដើម។
នីតិវិធីនេះក៏ហាក់ដូចជាបានជម្នះដោយជោគជ័យនូវបញ្ហាដែលបង្អាក់បទពិសោធន៍របស់អ្នកជំងឺដំបូង គឺលោក Noland Arbaugh ដែលមានផលវិបាកមិននឹកស្មានដល់នៃខ្សែអេឡិចត្រូតដែលដកចេញពីខួរក្បាលរបស់គាត់។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការបង្ហោះរបស់ប្លុកថា៖ «ដើម្បីកាត់បន្ថយលទ្ធភាពដែលអាចកើតឡើងនៃការដកខ្សែពីក្នុងខ្លួនអ្នកចូលរួមទី២ របស់យើង យើងបានអនុវត្តការបន្ធូរបន្ថយមួយចំនួន ក្នុងនោះរួមទាំងការកាត់បន្ថយចលនាខួរក្បាល អំឡុងពេលវះកាត់ និងកាត់បន្ថយគម្លាត រវាងការផ្សាំ និងផ្ទៃនៃខួរក្បាលផងដែរ»។
ជាមួយគ្នានេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងធ្វើការលើសមត្ថភាពថ្មី សម្រាប់ឧបករណ៍ទាក់ទងនឹងខួរក្បាលរបស់ខ្លួនដែលមានឈ្មោះថា Link ដែលសម្រាប់ពេលនេះ អនុញ្ញាតឲ្យអ្នកជំងឺគ្រប់គ្រងទស្សន៍ទ្រនិចលើអេក្រង់ និងឧបករណ៍ឌីជីថល ដោយចុចម្ដងមួយ៕