ភ្នំពេញ ៖ ប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានជំរុញដល់ ពលរដ្ឋដែលធ្លាប់បានបោះឆ្នោត ឱ្យទៅពិនិត្យឈ្មោះបោះឆ្នោតដែលបិទផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហើយចំពោះអ្នកដែលទើបគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបាន គ្រប់ៗគ្នា សម្រាប់តៀមចូលរួមបោះឆ្នោតសំខាន់ៗ នាពេលខាងមុខ ដែលរួមមាន ការបោះឆ្នោតជ្រើសក្រុម ប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។
ឯកឧត្តម ណុប ចាន់ណារិន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក្នុងពិធីចែកជូនប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ (ក្រ១) និង (ក្រ២) ជូនពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតមានសារសំខាន់ណាស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែល ជារបបផ្តល់អំណាចជាធំទៅឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដូច្នេះពលរដ្ឋត្រូវអនុវត្តនូវសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសអ្នកតំណាងឱ្យមកបំរើដល់ពលរដ្ឋ ហើយថា ដើម្បីអាចបោះឆ្នោតបាន អ្នក បោះ ឆ្នោត ត្រូវមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាការចាំបាច់។ ហេតុដូចនេះហើយចំពោះបងប្អូនដែលធា្លប់បានបោះឆ្នោតកន្លងទៅៗ សូមទៅពិនិត្យមើល ឈ្មោះរបស់ ខ្លួនដែលបានបិទផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតាមមូលដ្ឋាន របស់ខ្លួន ហើយ ចំពោះអ្នកទើបគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអាចចូលរួម សម្រេចជោគវាសនារបស់ជាតិតាមរយៈសន្លឹកឆ្នោតដ៏មានតម្លៃមួយសន្លឹករបស់បងប្អូន។
ចំពោះការចែកប័ណ្ណក្រីក្រជូនពលរដ្ឋ ឯកឧត្តម ណុប ចាន់ណារិន មានប្រសាសន៍ថា ក្នុងន័យ ជួយសម្រាលការខ្វះខាតរបស់ពលរដ្ឋក្រីក្រនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល បាន បញ្ចេញកញ្ចប់ថវិកាមួយដើម្បីចែកជូនដល់អ្នកខ្វះខាតពិតប្រាកដជាប្រចាំខែ ដោយចំនួនថវិកាដែល ទទួលបានគឺទៅតាមកម្រិតនៃភាពក្រីក្រ ហើយទាក់ទងទៅ នឹងបញ្ហាជំងឺកូវីដ១៩នេះដែរ ឯកឧត្តមប្រធាន ក្រុមការងារចុះជួយសង្កាត់កោះដាច់បានអំពាវនាវដល់ពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺនេះ ដោយ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានរំលឹក ដល់ពលរដ្ឋឱ្យបន្តរក្សាជីវិតនៃសុខសន្តិភាព ដោយមិនត្រូវចូល រួមក្នុងសកម្មភាព បំផ្លិចបំផ្លាញ សន្តិភាព របស់ក្រុមជ្រុលនិយមឡើយ ដោយឯកឧត្តម បានគូសបញ្ជាក់ថា សន្តិភាពដែលយើងមានដូចសព្វថ្ងៃនេះ គឺរកមកបានដោយលំបាកណាស់ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ទើបអាចពន្លត់ភ្លើង សង្គ្រាម ដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅកម្ពុជាបាន។ ដូច្នេះ សន្តិភាពមិនគួរត្រូវបាន បំផ្លិចបំផ្លាញជាដាច់ខាត ផ្ទុយទៅវិញ គឺត្រូវ តែមានការការពារឱ្យនៅជាប់ជានិរន្តរ ដើម្បីអាចឱ្យយើង កសាងប្រទេសជាតិ មានការរីក ចំរើន បន្ថែមទៀត៕

