ភ្នំពេញ៖ មន្ត្រីសុខាភិបាល បន្តយកសំណាកលោកគ្រូ អ្នកគ្រូ តាមរយៈឧបករណ៍តេស្តរហ័ស (Rapit Test) នៅតាមសាលាមួយចំនួន ដែលគ្រោងនឹងបើកឲ្យចូលសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈសាលាតាមបណ្ដាខេត្តមួយចំនួន ក៏បានចាប់ផ្ដើមបើកឲ្យសិស្សចូលរៀនវិញ បណ្ដើរៗដែរនោះ ។
សកម្មភាពយកសំណាកនេះ គឺត្រូវបានអាជ្ញាធររៀបចំជាមណ្ឌលមួយទីតាំង ក្នុងខណ្ឌនីមួយៗ ដើម្បីឲ្យគ្រូបង្រៀនតាមសាលា បានអនុញ្ញាតការពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យចូលសិក្សាឡើងវិញ មកធ្វើសំណាក ហើយជាក់ស្ដែងនៅខណ្ឌដូនពេញ គឺធ្វើនៅអនុវិទ្យាល័យចតុមុខ ។
លោកគ្រូ យី សុគន្ធ គ្រូបង្រៀនផ្នែកជីវវិទ្យា និងជាតំណាងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ លើកឡើងថា សម្រាប់វិទ្យាល័យនេះ បានត្រៀមរួចរាល់ហើយ ក្នុងការបើកឲ្យសិស្សចូលរៀនឡើងវិញ រួមទាំងមានត្រៀមនូវឧបករណ៍វាស់កម្ដៅ កន្លែងលាងដៃនឹងសាប៊ូ អាល់កុល និងជែល និងការធ្វើអនាម័យក្នុងសាលាជាដើម ។
លោកគ្រូ បានបន្តថា មួយវិញទៀត នៅមុនពេលបើកឲ្យមានការសិក្សាតាមសាលាឡើងវិញ ដោយមន្ត្រីសុខាភិបាល បានយកសំណាកបុគ្គលិកអប់រំ តាមសាលានីមួយៗ គឺពិតជាល្អ ដើម្បីអាចដឹងភ្លាមៗ ពីអ្នកណាម្នាក់មានវិជ្ជមានកូវីដ១៩ ហើយអាចទប់ស្កាត់ការឆ្លងរាលដាលបានទាន់ពេលវេលា ។
លោកគ្រូអ្នកគ្រូ ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ បានបន្ថែមថា ចំពោះការបើកឲ្យសិស្សចូលរៀនវិញនេះ គឺមានភាពល្អប្រសើរជាងការរៀនតាមអនឡាញ ដោយសិស្សអាចនឹងយល់ដឹងច្បាស់ ពីមេរៀនដែលបង្រៀន ព្រោះការបង្រៀនតាមអនឡាញ ពេលខ្លះក៏មានការខ្វះចន្លោះជាងការបង្រៀនផ្ទាល់ ។
គួរបញ្ជាក់ថា សម្រាប់ក្នុងរាជធានីភ្នំពេញ មានសាលារៀនមួយចំនួន ដែលមិនសូវមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នឹងត្រូវបើកឲ្យសិក្សាឡើងវិញនៅថ្ងៃស្អែក បន្ទាប់ពីមានការអនុញ្ញាតពីក្រសួងអប់រំ ហើយសាលាទាំងអស់នោះ ត្រូវមានការអនុវត្តនូវវិធានការសុខាភិបាលនានា ៕
អត្ថបទ បាន សុខរិទ្ធិ




