ក្រុមហ៊ុនផលិតរូបយន្ត (រ៉ូបូត) ធំៗរបស់ប្រទេសចិន បានបង្ហាញនូវមនុស្សយន្ត និងសុនខយន្តចុងក្រោយបង្អស់របស់ពួកគេ នៅឯសន្និសីទរ៉ូបូតពិភពលោកឆ្នាំ២០២៤ កាលពីថ្ងៃពុធ (ទី២១ សីហា) ដោយបង្ហាញពីសុទិដ្ឋិនិយមថា មនុស្សយន្តដែលមានលក្ខណៈដូចមនុស្ស និងសុនខទាំងនេះ នឹងចូលទៅនៅគ្រប់គេហដ្ឋាន នាពេលអនាគត បើទោះបីជាការផលិតទ្រង់ទ្រាយធំ និងការប្រើប្រាស់ នៅតែមានកម្រិតដាច់ឆ្ងាយយ៉ាងណាក្ដី។
នៅឯកន្លែងតាំងពិព័រណ៌ មនុស្សយន្តត្រូវបានគេឃើញធ្វើកិច្ចការសាមញ្ញៗជាច្រើន ដូចជារើសរបស់របរ ដើរឆ្លងកាត់របង ហើយធ្វើត្រាប់តាមកាយវិការ និងការបញ្ចេញទឹកមុខរបស់មនុស្ស។ អ្នកគ្រប់គ្រងផលិតផលសម្រាប់មនុស្សយន្ត នៅក្រុមហ៊ុន UBTECH Robotics ដែលបានចុះបញ្ជីជាសាធារណៈ គឺលោក Sotirios Stasinopoulos គិតថា ទីផ្សាររ៉ូបូតរូបរាងដុចមនុស្ស អាចកើនឡើងដល់ទៅ ១០ដងនៃទំហំទីផ្សារ EV (រថយន្តអគ្គិសនី) នាពេលអនាគត ដោយព្យាករថា នៅទីបំផុត គ្រប់គ្រួសារនឹងមានមនុស្សយន្ត ១ ឬ ២គ្រឿង។
គួរបញ្ជាក់ថា នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Unitree លោក Huang Jiawei បានប្រាប់សារព័ត៌មាន Reuters ថា បច្ចុប្បន្ននេះ រ៉ូបូតរូបរាងដូចមនុស្ស ត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការត្រួតពិនិត្យសាមញ្ញៗ និងកិច្ចការដឹកជញ្ជូនផ្នែកខាងក្នុង នៅក្នុងផលិតកម្មឧស្សាហកម្ម។ ។ ហើយលើសពីវិស័យឧស្សាហកម្ម សណ្ឋាគារមួយចំនួន នៅក្នុងប្រទេសចិន កំពុងប្រើប្រាស់មនុស្សយន្តដឹកជញ្ជូនតាមទូរសព្ទរួចហើយដែរ៕

